20/01/22 09:18 AM
សម្រួលផ្សាយ៖សារ៉ន276
ខេត្តកែប៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប ដែលចំណាយថវិកាជាតិសរុបប្រមាណ ១,២០០,០០០ ដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
កំពង់ផែទេសចរណ៍កែប-កោះទន្សាយ អាចទទួលនាវាទេសចរណ៍ធំៗចំនួន ៣គ្រឿង ដែលក្នុង១គ្រឿងអាចផ្ទុកអ្នកដំណើរចំនួន ១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន សាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣,៤៧០ ម៉ែត្រការ៉េ។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា នៅពេលខាងមុខ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែប ជាមួយផ្លូវជាតិលេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗ ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ មានសកម្មភាពកាន់តែមានភាពមមារញឹក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្តកែប និងក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តរួមសហការយ៉ាងសកម្ម ធ្វើឱ្យសម្រេចបាន នូវសមិទ្ធផលកំពង់ផែទេសចរណ៍-កោះទន្សាយ ដ៏ថ្មីស្រឡាងនេះឡើង។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់អ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍នេះ ក៏ដូចជា ម្ចាស់ទូក ឬ នាវា បំពាក់នូវសម្ភារៈបរិក្ខា និងឧបរណ៍ផ្សេងៗឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងអ្នកបើកបរទូក ឬនាវា ទាំងអ្នករួមដំណើរ ពាក់អាវពោងឱ្យបានគ្រប់ៗគ្នា ដើម្បីធានា សុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក អ្នកបើកបរទូក ឬនាវា ត្រូវចេះបញ្ជាទូក ឬនាវាឱ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ព្រមទាំងចេះប្រើប្រាស់នូវឧបករណ៍ទាំងនោះ ដើម្បីទទួលព័ត៌មានអំពីអាកាសធាតុ និងបាតុភូតនានា ឱ្យបានស្ទាត់ជំនាញមុននឹងបញ្ជាទូក ឬនាវាក្នុងពេលធ្វើនាវាចរណ៍។
សូមជម្រាបជូនថា៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ នេះសាងសង់ដោយអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងត្រួតពិនិត្យបច្ចេកទេសដោយអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណ ការ និងដឹកជញ្ជូន មានរចនាបទទំនើប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿង អាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន ក្នុងពេលអនាគតកំពង់ផែនេះនឹង អាចទទួលនាវាទេសចរណ៍ច្រើនជាងនេះទៀតនៅពេលជីកស្តារឃ្លងផ្លូវនាវាបានជ្រៅបន្ថែមទៀត។ កំពង់ផែនេះត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣,៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន ៤,៨៨០លានរៀល ស្មើនឹងប្រមាណ ១,២០០, ០០០ ដុល្លារអាមេរិក។
កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូន ជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់នៅជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិត ក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាង សង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ៕