អភិបាលខេត្តបាត់ដំបង បង្ហាញពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាសំណង់អនាធិបតេយ្យឱ្យបានល្អ ខណៈក្រុងបាត់ដំបងបានក្លាយជាទីក្រុងស្មាតស៊ីធី


ត្រលប់ក្រោយ

20/01/22 09:36 AM

ចំនួនទស្សនា៖

370

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានលើកបង្ហាញក្នុងន័យប្តេជ្ញាចិត្តនៅចំពោះមុខរដ្ឋបាល ក្រុង-ស្រុក នៃខេត្តបាត់ដំបង អ្នកភាគីពាក់ព័ន្ធផ្សេងទៀត អាជ្ញាធរខេត្តបាត់ដំបង និងធ្វើការដោះស្រាយបញ្ហាសំណង់អនាធិបតេយ្យឱ្យបានល្អនៅក្នុងក្រុងបាត់ដំបង ខណៈក្រុងបុរាណដែលមានវ័យចំណាស់មួយនេះនឹងក្លាយទៅជាទីក្រុងស្មាតស៊ីធី ដែលបម្រើឲ្យវិស័យទេសចរណ៍ ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្តម សុខ លូ បានលើកបញ្ជាក់ទៀតថា ដើម្បីក្លាយជាទីក្រុងទេសចរណ៍របស់ជាតិនិងអន្តរជាតិនោះ ក្រុងបាត់ដំបង ត្រូវតែធ្វើការរៀបចំឱ្យបានស្អាត មានសោភណ្ឌភាព គ្មានសំរាមចោលពាសវាលពាសកាល គ្មានក្មេងអនាថា និងជនអនាថា នៅតាមទីសាធារណៈ ហើយត្រូវកៀងគរទៅកាន់មណ្ឌលអប់រំ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញផ្សេងៗ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ។


ឯកឧត្តម បានបន្តទៀតថា ដើម្បីសម្រេចនូវគោលដៅទាំងនេះបាន កត្តាសំខាន់ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្នុងនោះភូមិបាល ចៅសង្កាត់ និងរដ្ឋបាលក្រុង ត្រូវចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការធ្វើឱ្យទីក្រុងមានភាពស្អាត ដើម្បីឲ្យទីក្រុងក្លាយជាទីក្រុងបៃតងគ្រប់រដូវកាល ដែលភ្ញៀវទេសចរចង់មកលេងហើយចង់មកម្តងទៀត ពិសេសសម្រាប់ការលេងកម្សាន្ត ស្នាក់នៅ និងធ្វើការងារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈនៃកិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ជាតិយើងឲ្យកាន់តែមានការរីកចម្រើន ។


អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានបង្ហាញយ៉ាងដូច្នេះនៅក្នុងពិធីចុះហត្ថលេខាលើប្រកាសរួម និងពិធីប្រកាសជាផ្លូវការគម្រោងសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅឋានសម្រាប់គ្រួសារប្រជាពលរដ្ឋរស់នៅក្នុងទីតាំងសំណង់បណ្តោះអាសន្ននានា នៅលើដីសាធារណៈរបស់រដ្ឋក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានធ្វើឡើងនៅសាលាខេត្តបាត់ដំង ដោយមានការចូលរួមពីភាគីតំណាងរបស់ប្រតិភូមកពីខេត្តសៀមរាប និងប្រជាពលរដ្ឋមកពីសមាគមតាំងទីលំនៅបណ្តោះអាសន្នលើដីសាធារណៈក្នុងក្រុងបាត់ដំបង ។


នាយិការស្តីទីប្រចាំប្រទេសកម្ពុជា នៃអង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា លោកស្រី Rufina Payne បានបញ្ជាក់ថា ផ្ទះគឺជាមូលដ្ឋានគ្រឹះ និងជាជំហានមួយឆ្ពោះទៅរកភាពល្អប្រសើរឡើង ផ្នែកសង្គមកិច្ច សេដ្ឋកិច្ច និងរួមចំណែកដល់ផលិតភាពគ្រួសារ រួមទាំងការអប់រំ កុមារ ការបង្កើតប្រាក់ចំណូល និងសុខភាពស្រ្តី ហើយក្រៅពីគម្រោងគ្រប់គ្រងធនធានទីក្រុង ប្រកបដោយនិរន្តរភាពនោះ យើងបានរួមគ្នា អនុវត្តផែនការទីក្រុងបាត់ដំបង ឲ្យក្លាយជាទីក្រុងឆ្លាតវៃ និងជាទីក្រុងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅឆ្នាំ២០៣០ ដែលក្នុងនោះខិតខំរកដំណោះស្រាយលំនៅដ្ឋាន និងការទទួលបានលំនៅឋាន តម្លៃសមរម្យ សម្រាប់ អ្នកក្រីក្រគ្មានផ្ទះសម្បែងក្នុងទីក្រុងផងដែរ ជាក់ស្តែងថ្ងៃនេះ ក៏មានការបញ្ចុះបឋមសិលាសាងសង់លំនៅឋាន ដែលមានទទឹង៤,៥០ម៉ែត្រ បណ្តោយ ៧ម៉ែត្រ លើផ្ទៃដីធ្លី៤,៥០ម៉ែត្រ គុណ ៨ម៉ែត្រ សម្រាប់ផ្តល់គ្រួសារប្រជាពលរដ្ឋក្រីក្រគ្មានផ្ទះសម្បែងថែមទៀតផង ៕



dd
Bottom Ad