20/01/22 11:50 AM
ដោយ៖SR276
សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត មានប្រសាសន៍ថា នាឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ខេត្តសៀមរាប គ្រោងចាប់យកការរៀបចំសង្ក្រាន្តសៀមរាប បង្ហាញមោទនភាពលើសមិទ្ធផលថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទែក្នុងជាតិ និងអន្តរជាតិ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ជាមួយនឹងការបើកទំព័រថ្មីនៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដើម្បីពិសោធន៍លើកម្លាំងរើបំរះចេញពីវិបត្តិកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខ។
យ៉ាងណាក៏ដោយ នៅក្នុងអំឡុងខែកុម្ភៈ ឬ ខែមិនា ឆ្នាំ២០២២ខាងមុខនេះ ខេត្តសៀមរាបនឹងអាចឆ្លងកាត់ពីធីកាត់ខ្សែបូរ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនានាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នោះហើយគោលដៅខាងមុខ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៧ នឹងត្រូវបានរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិផងដែរ។
ជុំវិញបញ្ហាផ្លូវ ៣៨ខ្សែនេះ គឺជាការងារអទិភាពមួយដ៏ខាន់ ដែលត្រូវចាប់ផ្តើមចេញពីការជួបជុំនៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុងផងដែរ លើការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋ ជាដើម។
បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្ត៕