20/01/22 14:43 PM
ដោយ៖SR276
ទីក្រុងគៀវ៖ សារព័ត៌មាន Global News ចុះផ្សាយថា កងកម្លាំងពិសេសកាណាដាមួយក្រុមត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអ៊ុយក្រែន ចំពេលមានភាពតានតឹងខ្លាំងរវាងសម្ព័ន្ធមិត្តយោធាអង្គការណាតូ និងរុស្ស៊ី។
ការដាក់ពង្រាយកងកម្លាំងពិសេសកាណាដាមួយក្រុមនេះត្រូវបានធ្វើឡើងដោយសារតែការចរចាផ្លូវការទូតដែលមានគោលបំណងការពារជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែនបានបរាជ័យ ហើយទាហានរុស្ស៊ីប្រមាណ១០ម៉ឺននាក់កំពុងត្រូវបានដាក់ពង្រាយនៅព្រំដែន។
ប្រភពបានអោយដឹងថា ភារកិច្ចរបស់អង្គភាពនេះ ត្រូវបង្កើតផែនការសម្រាប់ការជម្លៀសបុគ្គលិកការទូតកាណាដាពីអ៊ុយក្រែន ក្នុងករណីបើមានការឈ្លានពានពេញទំហឹងណាមួយកើតឡើង។
យ៉ាងណាមិញ អ្នកនាំពាក្យបញ្ជាការកងកម្លាំងប្រតិបត្តិការពិសេស មិនអាចបញ្ជាក់ពីរបាយការណ៍នេះបានទេ ប៉ុន្តែបានកត់សម្គាល់ថា ការគាំទ្រសម្រាប់កងកម្លាំងសន្តិសុខអ៊ុយក្រែនត្រូវបានផ្តល់ជូនជាទៀងទាត់ ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២០មកម្ល៉េះ។
ទន្ទឹមនេះ ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ថា មេដឹកនាំនៃអ្នកការទូតអ៊ុយក្រែន និងកាណាដា នឹងជួបពិភាក្សាគ្នាលើប្រធានបទសំខាន់ៗ ដែលនឹងត្រូវប្រឆាំងជាមួយការឈ្លានពានរបស់រុស្ស៊ី ដោយពង្រឹងជំហានបន្ថែមទៀត ដើម្បីទប់ស្កាត់សហព័ន្ធរុស្ស៊ី រួមទាំងការពង្រឹងវិស័យសន្តិសុខរបស់អ៊ុយក្រែន៕ Global News