20/01/22 15:35 PM
សម្រួលផ្សាយ៖SR276
បែលហ្សិក៖ លោក អាល់បឺត ប៊រឡា (Albert Bourla) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Pfizer បានទទួលរង្វាន់លោកុប្បត្តិ (Genesis Prize) ឆ្នាំ២០២២ សម្រាប់ "ភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងជាពិសេសសម្រាប់ឆន្ទៈរបស់គាត់ក្នុងការទទួលយកហានិភ័យដ៏អស្ចារ្យ" ក្នុងការបង្កើតវ៉ាក់សាំងការពារមេរោគឆ្លងតាមពេលវេលាកំណត់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា នៅថ្ងៃពុធបានឲ្យដឹងថា មូលនិធិលោកុប្បត្តិ (The Genesis Foundation) ទទួលស្គាល់បុគ្គលសម្រាប់ការរួមចំណែករបស់ពួកគេចំពោះមនុស្សជាតិ និងការប្តេជ្ញាចិត្តចំពោះតម្លៃរបស់ជនជាតិយូដា។
លោក ប៊រឡា (Bourla) ទទួលបានសំឡេងឆ្នោតច្រើនជាងគេនៅក្នុងយុទ្ធនាការអនឡាញមួយដែលមានមនុស្ស ២០០,០០០ នាក់ក្នុង ៧១ ប្រទេសបានចូលរួម។ រង្វាន់ដែលលោកទទួលបានមានទឹកប្រាក់ចំនួន ១លានដុល្លារ។
សេចក្តីថ្លែងការណ៍របស់មូលនិធិលោកុប្បត្តិ (The Genesis Foundation) បាននិយាយថា មិនដូចនាយកប្រតិបត្តិផ្សេងទៀតដែលធ្វើការដើម្បីបង្កើតវ៉ាក់សាំង COVID-19 លោក ប៊រឡា (Bourla) បានបដិសេធនូវទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងការឧបត្ថម្ភធនសហព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីជៀសវាងការិយាធិបតេយ្យរបស់រដ្ឋាភិបាល និងដើម្បីបង្កើនល្បឿននៃការផលិតវ៉ាក់សាំងសម្រាប់ជួយដល់មនុស្សជាតិ។
លោក ស្តេន ប៉ូឡូវ៉េតស៍ (Stan Polovets) ប្រធានមូលនិធិលោកុប្បត្តិ (Genesis Prize) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកបណ្ឌិត ប៊រឡា (Bourla) បង្ហាញពីតម្លៃជាមូលដ្ឋានបំផុតរបស់ជនជាតិយូដាពីរគឺ៖ ការប្តេជ្ញាចិត្តចំពោះភាពបរិសុទ្ធនៃជីវិត និងការជួសជុលពិភពលោក។ ហើយខណៈពេលដែលជំងឺរាតត្បាតកំពុងតែនៅបន្តមិនទាន់ចប់ មនុស្សរាប់លាននាក់អាចនៅរស់រានមានជីវិត និងមានសុខភាពល្អ ដោយសារតែអ្វីដែលលោកវេជ្ជបណ្ឌិត ប៊រឡា (Bourla) និងក្រុមរបស់លោកនៅ Pfizer បានសម្រេចជោគជ័យការងារ”។
លោក ប៊រឡា (Bourla) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាគាត់កំពុងទទួលយកពានរង្វាន់នេះក្នុងនាមសហសេវិក Pfizer របស់គាត់ទាំងអស់ "ដែលបានឆ្លើយតបនូវការងារជាបន្ទាន់នៃប្រវត្តិសាស្ត្រកាលពីពីរឆ្នាំមុននេះ ហើយបានរួមគ្នាកំណត់ជោគវាសនារួមរបស់ពួកយើង" ។
លោក ប៊រឡា (Bourla) កើតនៅទីក្រុង ថែស្សាឡូនីគី (Thessaloniki) ប្រទេសក្រិច មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយមរតកសាសន៍យូដា។ ឪពុកម្តាយរបស់គាត់ស្ថិតក្នុងចំណោមអ្នករស់រានមានជីវិតតែ ២,០០០ នាក់នៃសហគមន៍ជ្វីហ្វបុរាណដែលមានចំនួន ៥០,០០០ នាក់ ដែលស្ទើរតែត្រូវបានបំផ្លាញផ្តាច់ពូជដោយពួកណាស៊ីស (Nazis)។
លោកបានសរសេរនៅលើ Twitter របស់លោកថា ប្រាក់រង្វាន់ 1 លានដុល្លារកំពុងត្រូវបានបរិច្ចាគទៅ "សហគមន៍ជ្វីហ្វនៃទីក្រុង ថែស្សាឡូនីគី (Thessaloniki) ក្នុងការចងចាំពីឪពុកម្តាយរបស់ខ្ញុំ តម្លៃនៃជីវិត និងសហគមន៍ដែលពួកគាត់បានប្រគល់មកឱ្យខ្ញុំ និងដើម្បីរំលឹកដល់ការសម្លាប់រង្គាលនៅប្រទេសក្រិច"។
“ខ្ញុំត្រូវបានចិញ្ចឹមបីបាច់ក្នុងគ្រួសារជនជាតិយូដា ដែលជឿថាយើងម្នាក់ៗមានភាពរឹងមាំដូចចំណងនៃសហគមន៍របស់យើង ហើយថាយើងទាំងអស់គ្នាត្រូវបានអំពាវនាវដោយព្រះជាម្ចាស់ឱ្យពួកយើងនាំគ្នាជួយដល់ពិភពលោក"។
ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាក ហឺហ្សុក (Isaac Herzog) នឹងប្រគល់រង្វាន់លោកុប្បត្តិ ឬហៅថា ជេណឺស៊ីស ប្រាយ៍ (Genesis Prize) ដល់លោក ប៊រឡា (Bourla) ក្នុងពិធីមួយនាទីក្រុង យេរូសាឡឹម (Jerusalem) ក្នុងខែមិថុនាខាងមុខនេះ។
មូលនិធិលោកុប្បត្តិ (The Genesis Prize Foundation) បានគូសបញ្ជាក់ពីការចូលរួមចំណែករបស់អ្នកវិទ្យាសាស្ត្រ វេជ្ជបណ្ឌិត និងមន្ត្រីថែទាំសុខភាពជនជាតិជ្វីហ្វជាច្រើននាក់ផ្សេងទៀត ដែលបានជួយសង្រ្គោះជីវិតក្នុងអំឡុងពេលជំងឺរាតត្បាតនៃមេរោគកូវីត-១៩នេះ៕