អាល្លឺម៉ង់ និងរុស្ស៊ីនៅតែបន្តខ្វែងគំនិតគ្នាជុំវិញវិបត្តិអ៊ុយក្រែន


ត្រលប់ក្រោយ

20/01/22 16:10 PM

ចំនួនទស្សនា៖

312

ប្រភព៖

ភ្នំពេញ

ដោយ៖SR276


ម៉ូស្គូ៖ អ្នកការទូតកំពូលរបស់អាល្លឺម៉ង់ និងរុស្ស៊ីបានពិភាក្សាគ្នាអំពីភាពតានតឹងផ្នែកយោធាជុំវិញអ៊ុយក្រែន ប៉ុន្តែនៅតែបន្តខ្វែងគំនិតគ្នាអំពីរបៀបកាត់បន្ថយហានិភ័យ។


រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អាន់ណាឡេណា បាអឺបុក (Annalena Baerbock) បានជួបជាមួយសមភាគីរុស្ស៊ីរបស់លោកស្រី គឺលោក សឺហ្គៃ ឡាវរ៉ូវ នៅទីក្រុងម៉ូស្គូ នៅក្នុងថ្ងៃអង្គារ៍ម្សិលមិញ។ នេះជាដំណើរ​ទស្សនកិច្ច​លើក​ដំបូងហើយ​របស់​លោកស្រី បាអឺបុក ​ទៅកាន់​រដ្ឋធានីរបស់ប្រទេស​រុស្ស៊ី ​ចាប់តាំង​ពី​លោកស្រី​ចូលកាន់​តំណែង​ ហើយបន្ទាប់​ពីបំពេញ​ទស្សនកិច្ច​នៅប្រទេស​អ៊ុយក្រែន។


នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី លោកស្រី បាអឺបុក បាននិយាយថា វាពិតជាលំបាកណាស់ក្នុងការវាយតម្លៃលើការដាក់ពង្រាយទាហានជាង ១០ម៉ឺននាក់របស់រុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែនថា ជាការគំរាមកំហែង តែលោកស្រីបានជំរុញឱ្យទីក្រុងម៉ូស្គូបន្ធូរបន្ថយភាពតានតឹង។


រីឯលោក ឡាវរ៉ូវ បាននិយាយថា វាមិនអាចទទួលយកបានទេ ដែលប្រទេសណាមួយជ្រៀតជ្រែកក្នុងចលនាយោធារុស្ស៊ី និងថា រុស្ស៊ីកំពុងរង់ចាំការឆ្លើយតបទៅនឹងការទាមទាររបស់ខ្លួនសម្រាប់ការធានាថា អង្គការណាតូនឹងមិនពង្រីកខ្លួនបន្ថែមទៀត ដើម្បីបន្តកិច្ចពិភាក្សា។ ជាក់ស្តែងលោក ឡាវរូវ ​បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​ទៀត​ឆ្លើយតបភ្លាមៗ។

នាឱកាសនោះដែរ លោក ឡាវរ៉ូវ ក៏បានសំដៅទៅលើ Nord Stream 2 ដែលជាបំពង់បង្ហូរប្រេងថ្មីដែលនឹងដឹកជញ្ជូនឧស្ម័នធម្មជាតិពីរុស្ស៊ីទៅកាន់អាល្លឺម៉ង់ផងដែរ។ វាកំពុងរង់ចាំការយល់ព្រមពីអឺរ៉ុប ដើម្បីចាប់ផ្តើមដំណើរការ ប៉ុន្តែមានការអំពាវនាវពីសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតដើម្បីបញ្ឈប់គម្រោងនេះ។


លោក ឡាវរូវ បាននិយាយថា លោកបានប្រាប់លោកស្រី បាអឺបុក ថា វាគ្មានផលិតភាពក្នុងការធ្វើនយោបាយលើបញ្ហានេះទេ ដោយជំរុញឱ្យអាល្លឺម៉ង់យល់ព្រមភ្លាមៗនូវប្រតិបត្តិការបំពង់បង្ហូរប្រេងនេះ៕ ប្រភព៖ NHK 



dd
Bottom Ad