25/01/22 16:00 PM
បាត់ដំបង៖ នៅក្នុងជំនួបពិភាក្សានិងផ្សព្វផ្សាយ និងពិគ្រោះយោបល់ការដោះស្រាយផលប៉ះពាល់កំណត់គន្លង សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីអនុស្ថានីយអគ្គីសនីបាត់ដំបង ទៅព្រំដែនកម្ពុជា-ថៃ ជាមួយ ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង លោក ប្រាំង ជលសា នាយករងអគ្គិសនីកម្ពុជា បានឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជា បានប្រគល់សិទ្ធិឲ្យអគ្គិសនីកម្ពុជាសាងសង់គម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់៥០០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ដែលគម្រោងខ្សែបញ្ជូនអគ្គិសនីនេះ មានប្រវែងសរុបប្រមាណ១០៧ គីឡូម៉ែត្រ ស្មើនឹង២៥៧បង្គោល ដែលមានជើងបង្គោលភ្លើងចាប់ពី២០ម៉ែត្របួនជ្រុង ទៅ៣០ម៉ែត្រ បួនជ្រុង ដោយឆ្លងកាត់ភូមិសាស្រ្ត ស្រុកសង្កែ ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកបវេល ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលនឹងចាប់ផ្តើមដំណើរការសាងសង់នៅពេលខាងមុខនេះ ។
លោកនាយករងអគ្គិសនីកម្ពុជា បានបញ្ជាក់ថា គម្រោងនេះគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើនលទ្ធភាព នាំថាមពលដែលមានតម្លៃសមរម្យមកផ្គត់ផ្គង់បន្ថែម បំពេញតម្រូវការទូទាំងប្រទេស។ ក្នុងនោះដែរ ដោយត្រូវបង្កើតអនុគណៈកម្មការដោះស្រាយផលប៉ះពាល់សំណង់ ផ្ទះសម្បែង ដីធ្លី និងដើមឈើហូបផ្លែ ក្រុមការងារគ្រប់គ្រង បរិស្ថាន សង្គម និងគណៈកម្មការបណ្តឹងសារទុក្ខខេត្តបាត់ដំបង។ ដូចនេះដើម្បីចាប់ផ្តើមការងារសាងសង់ និងដំណើរការ ព្រមទាំងបញ្ចប់ដោយជោគជ័យតាមកម្មវិធីកំណត់ អគ្គិសនីកម្ពុជា បានស្នើសុំ លោក អភិបាលខេត្ត មេត្តាជួយសម្របសម្រួលលើការងារនេះ ។
អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានឲ្យដឹងថា ចំពោះកិច្ចការងារខាងលើ អាជ្ញាធរខេត្ត ក្រុង ស្រុក និងចូលរួមគាំទ្រ និងចូលរួមសហការ ជួយដល់អាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីប្រយោជន៍ជាតិ ដែលជាតម្រូវការថាមពលចាំបាច់ក្នុងការផ្គត់ផ្គង់អគ្គិសនី យកមកផ្គត់ផ្គង់ដល់តម្រូវការរបស់ប្រជាពលរដ្ឋបានប្រើប្រាស់ ។
ឯកឧត្ដម អភិបាលខេត្តបាត់ដំបង បានសំណូមពរ ដល់អភិបាលក្រុង ស្រុក និងក្រុមការងារពាក់ព័ន្ធនឹងគម្រោង ត្រូវខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាចូលរួមជ្រុំជ្រែងជួយដោះស្រាយរាល់បញ្ហាឬទំនាស់ នៃផលប៉ះពាល់បង្គោលភ្លើង ដែលឆ្លងកាត់ក្នុងភូមិសាស្ត្រស្រុក ក្រុង របស់ខ្លួន និងជួយសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន៕