25/01/22 16:20 PM
បាត់ដំបង៖ ស្របពេលដែលក្រុងបាត់ដំបង បានក្លាយជាទីក្រុង ដែលស្អាតជាងគេក្នុងតំបន់អាស៊ាន ដោយទទួលបានពានរង្វាន់ជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២.២០២៤ អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានធ្វើការណែនាំដល់ចៅសង្កាត់ទាំង១០ និងរដ្ឋបាលក្រុងបាត់ដំបង ត្រូវត្រួតពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយអំពីអនាម័យបរិស្ថាន ពិសេសសំរាមនៅតាមដងផ្លូវសាធារណៈ និងតាមមាត់ស្ទឹងសង្កែ ព្រមទាំងដោះស្រាយអំពីសំណង់អាណាធិបតេយ្យ ក្នុងក្រុងបាត់ដំបង ឲ្យបានល្អ ដោយមិនអាចទុកយូរបានទៀតទេ ។
ឯកឧត្ដម បានបន្តទៀតថា រដ្ឋបាលសង្កាត់នីមួយៗ ត្រូវដើរមើលសំរាម និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋកុំឲ្យចោលសំរាមពាសវាលពាលកាល ដែលបង្កឲ្យមានការប៉ះពាល់ដល់វិស័យបរិស្ថានក្នុងក្រុងបាត់ដំបង ។ លោក បានបញ្ជាក់ទៀតថា សម្រាប់សំណង់អាណាធិបតេយ្យក៏ត្រូវធ្វើការដោះស្រាយឲ្យបានឆាប់ផងដែរ ទន្ទឹមនោះ សំណង់អាណាធិបតេយ្យថ្មីៗបើឃើញមួយត្រូវចុះណែនាំមួយ ដោយមិនឲ្យបន្តការសាងសង់ជាដាច់ខាត។
ឯកឧត្ដមអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅរដ្ឋបាលខេត្តបាត់ដំបង ចាប់អនុវត្តលើការផាកពិន័យចំពោះអ្នកចោលសំរាមគ្មានសណ្តាប់ធ្នាប់ដោយគ្មានលើកលែងឡើយ ដោយចាប់ផ្តើមពីទីប្រជុំជនផ្សារធំបាត់ដំបង ឬផ្សារណាត់ ដែលជាទីផ្សារបេះដូងនៃក្រុងបាត់ដំបង ដោយធ្វើយ៉ាងណាត្រូវតែស្អាតរៀងរាល់ថ្ងៃ។
ក្រៅអំពីបញ្ហាសំរាមនិងសំណង់អាណធិបតេយ្យ នៅមានសំណង់ផ្ទះល្វែង ដែលជាសំណង់បេតិកភណ្ឌជាតិដ៏សំខាន់ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ត្រូវបានឯកឧត្តម សុខ លូ ធ្វើការណែនាំបន្តទៀតឲ្យអនុវត្តតាមផែនការរបស់រដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត ដើម្បីរក្សាសំណង់ដើម ដោយមិនអាចសាងសង់សំយ៉ាបលុបក្បាច់សំណង់បេតិកភណ្ឌទាំងនោះបានទេ។
សូមបញ្ជាក់ថា ឯកឧត្ដមអភិបាលខេត្តបាត់ដំបង បានណែនាំក្នុងឱកាសបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ក្នុងក្រុងបាត់ដំបង ចំនួន៦ខ្សែ មាននៅក្នុងសង្កាត់ចំការសំរោង សង្កាត់រតនៈ សង្កាត់ព្រែកព្រះស្តេច និងសង្កាត់ស្វាយប៉ោ ព្រមទាំងការជួសជុលផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ដើម្បីបំពេញសេចក្តីត្រូវការជូនប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ការធ្វើដំណើរនិងប្រកបរបរអាជីវកម្មផ្សេងៗទៀតមានភាពងាយស្រួលទាំងពេលបច្ចុប្បន្ននិងតទៅអនាគត៕