26/01/22 12:25 PM
សម្រួលផ្សាយ៖SR276
បាត់ដំបង៖ នៅវេលាម៉ោង២ និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយបានកើតឡើងនៅចំណុចផ្ទះលេខ៨១ ក្រុមទី០៤ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលបណ្តាលឲ្យឆេះភោជនីយដ្ឋាន ឌឺអូវើថែម នៅជាន់ទី៤ ដែលមានទំហំ២០ម x ១៧ម របស់ឈ្មោះ នី សារ ភេទប្រុស អាយុ២៧ឆ្នាំ ។
ភ្លាមៗនោះលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាត រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ដោយមានកិច្ចសហការជាមួយកម្លាំងការិយាល័យពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ក្នុងការពន្លត់ភ្លើងឱ្យបានទាន់ពេលមិនឱ្យឆ្លងរាលដាលទៅផ្ទះជិតខាងទៀត ។
លោក ផេង សិទ្ធី បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយអន្តរាគមន៍នេះកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ទើបឈានទៅដល់ការគ្រប់គ្រងស្ថានការណ៍អគ្គីភ័យមិនឱ្យឆាបឆេះបន្តបានទាំងស្រុង ។
លោក អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា សម្ភារៈខូចខាតរួមមាន៖ ភោជនីយដ្ឋាន១ខ្នងទំហំ ២០ម × ១៧ម សង់អំពីថ្ម កំពស់៥ជាន់ (ឆេះបន្ទប់ជាន់ទី៤ចំនួនបន្ទប់មានទំហំ២០ម × ១៧ម និងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់មួយចំនួនទៀត គិតជាប្រាក់ប្រហែល ២៨,០០០ ដុល្លា (ពីរមុឺនប្រាំបីរយដុល្លា) ។
ពាក់ព័ន្ធពីមូលហេតុដែលបង្កឱ្យមានអគ្គីភ័យកើតឡើងនេះគឺស្ថិតក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅឡើយ ៕