29/01/22 10:15 AM
មណ្ឌលគិរី៖ ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះឲ្យកាន់តែមាននិរន្តរភាព និងការអភិវឌ្ឍដោយចីរភាព នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានណែនាំមន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ជំរុញកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះឲ្យមានគុណភាព និងប្រសិទ្ធភាព ឯកឧត្តម បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តការងាររបស់ខ្លួន បានយ៉ាងល្អប្រសើរ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបានដាក់ចេញ។ ទទឹមនឹងនេះដែរ ឯកឧត្តម ផៃ ប៊ុនឈឿន បានផ្តល់អនុសាសន៍មួយចំនួន ដល់មន្រ្តីក្រោមឳវាទ ត្រូវខិតខំអនុវត្តនូវការងាររួមមាន៖ ទី១. ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងនិរន្តរភាពលើលិខិតបទកដ្ឋានគតិយុទ្ធនានា ក្នុងការគោរពឋានានុក្រមការងារ ធ្វើយ៉ាងណា ឲ្យមានគណនេយ្យភាព តម្លាភាព ជាមួយរដ្ឋបាលខេត្ត និងក្រសួងបរិស្ថាន ទី២. ត្រូវពង្រឹងរក្សានូវនិរន្តរភាព នៃការកិច្ចគាំពារបរិស្ថាន ទី៣. ការពារ និងអភិរក្សធនធានធម្មជាតិ និងទី៤ ការកសាងសមត្ថភាពមន្រ្តីនៃមន្ទីរបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ដើម្បីធានាឲ្យមានគុណភាព និងប្រសិទ្ធ។
លោក ឈឹម កាន អភិបាលរងខេត្ត បានណែនាំដល់មន្រ្តីជំនាញ និងសមត្ថកិច្ច ត្រូវបន្តផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេស ពលរដ្ឋរស់នៅក្នុងតំបន់ដែនជម្រកនានា របស់ក្រសួងបរិស្ថាន ឲ្យយល់ដឹង និងចូលរួមសហការ ដើម្បីអភិរក្សធនធានធម្មជាតិ ទុកឲ្យកូនចៅជំនាន់ក្រោយ - ស្នើដល់មន្រ្តីជំនាញ ត្រូវចុះបញ្ជីដីរដ្ឋ និងការចុះបញ្ជីដី ដែនជម្រករបស់ក្រសួងបរិស្ថាន ដែលនៅសេសសល់ ដើម្បីកំណត់ឲ្យបានច្បាស់លាស់ ក្នុងការធានានូវការការពារ ចៀសវាងមានការកាប់ទន្រ្ទាន់ពីជនខិតខូច - ត្រូវចូលរួមអនាម័យបរិស្ថាន ក្នុងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹង និងការរៀបចំទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ជាពិសេស ត្រូវពិនិត្យទៅរមណីយដ្ឋាន និងរីស៊ត នៅក្នុងក្រុង ឲ្យមានការរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមគោលការណែនាំរបស់មន្ទីរ ក៏ដូចជាក្រសួងបរិស្ថាន។
លោក កែវ សុភ៌គ ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ខេត្តមណ្ឌលគិរី មានដែនជម្រកសត្វព្រៃចំនួន ០៥ និងរបៀងអភិរក្សជីវៈចម្រុះចំនួន ០១ រួមមាន៖ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភ្នំពេ្រច ដែនជម្រកសត្វព្រៃភ្នំណាំលៀរ ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃព្រៃលំផាត់ និងរបៀងអភិរក្សជីវៈចម្រុះឦសាន។ ក្រៅពីនោះមន្ទីរ បានបញ្ចូនសំណុំរឿងបទល្មើសធនធានធម្មជាតិចំនួន ១៦០ករណី ក្នុងនោះពិន័យអន្តរការណ៍ ១៩ករណី និងបញ្ចូនទៅតុលាការ ១៤១ករណី ការងារចុះបញ្ជីដីនៅក្នុងដែនជម្រកសត្វព្រៃទាំង០៥ និងរបៀងអភិរក្សជីវៈចម្រុះឦសាន រួមមាន៖ ដែនជម្រកសត្វព្រៃកែវសីមា មានភូមិពូហ្យាម ភូមិពូឆប ភូមិពូរ៉ាង ភូមិពូទ្រូ ភូមិឡៅកា និងភូមិស្រែអ៊ី ដែនជម្រកសត្វព្រៃភ្នំព្រេច មានភូមិស្រែអ៊ី និងរបៀងអភិរក្សជីវៈចម្រុះឦសាន មានភូមិពូឆប ភូមិពូលូង និងភូមិឡៅកា៕