01/02/22 04:59 AM
បាត់ដំបង៖ ជារៀងរាល់ឆ្នាំនៅមុនថ្ងៃចូលឆ្នាំចិនមកដល់ គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនឬកូនកាត់ចិន តែងតែនាំគ្នាទៅទិញដើមផ្កាអង្គាសីល យកទៅដាក់តាំងលម្អនៅក្នុងផ្ទះ ដើម្បីរក្សាទុកឱ្យរីកផ្កាទាន់ចំថ្ងៃចូលឆ្នាំចិន ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ ការដាក់តាំងលក់ផ្កាអង្គាសីលនៅតាមដងស្ទឹងសង្កែ ត្រើយខាងកើតនៃក្រុងបាត់ដំបង ហាក់ដូចជាមានចំនួនថយចុះនៃអ្នកលក់ផ្កាអង្គសីល ហើយការលក់ក៏មិនដាច់ផងដែរ ដែលធ្វើឱ្យពួកគាត់ប្រឈមនឹងការខាតបង់ថ្លៃដើមស្ទើរតែទាំងស្រុង ។
នេះបើតាមការផ្តល់ព័ត៌មានពីលោក សី ហ៊ិនហន រស់នៅស្រុកភ្នំគ្រវ៉ាញ ខេត្តពោធិសាត់ ក្នុងពេលដែលលោកនិងក្រុមគ្រួសារ រួមជាមួយអ្នកស្រុកជាមួយគ្នាបានដឹកនាំយកដើមផ្កាអង្គាសីលមកលក់នៅក្រុងបាត់ដំបង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ហើយលោកបានបញ្ជាក់ទៀតថា គាត់បានប្រកបមុខរបរលក់ផ្កាអង្គាសីលរយៈពេលជាង២០ឆ្នាំកន្លងមកហើយ ហើយនេះគឺជាលើកទី១ផងដែរ ដែលការលក់ផ្កាអង្គាសីលមិនដាច់សោះ ដោយសារតែហេតុផលមួយមានការនិយាយតៗគ្នាថា មិនឱ្យមានការទិញរបស់ពណ៌លឿងចូលផ្ទះក្នុងរដូវកាលបុណ្យចូលឆ្នាំចិនសម្រាប់ឆ្នាំនេះ ទើបធ្វើឲ្យការលក់ផ្កាអង្គាសីលរបស់គាត់មិនដាច់ ។
លោក សី ហ៊ិនហន បាននិយាយទាំងទឹកមុខមិនសូវស្រស់មកកាន់អ្នកយកព័ត៌មានប្រចាំខេត្តបាត់ដំបង ដឹងថា ឆ្នាំនេះអ្នកមករកទិញផ្កាអង្គាសីល មានការថយចុះច្រើនជាងឆ្នាំមុនឆ្ងាយណាស់ គឺមួយថ្ងៃពួកគាត់លក់ដាច់បានត្រឹមតែពីរ បី បាច់តែប៉ុណ្ណោះ ។
លោក ជាបូរី ភក្តី ក៏ជាអ្នកខេត្តពោធិសាត់ផងដែរ បានបញ្ជាក់ថា គាត់មកលក់ដើមផ្កាអង្គាសីល នៅទីនេះជិត១០ថ្ងៃមកហើយ តែលក់មិនសូវដាច់ប៉ុន្មានទេ គឺដាច់មួយៗ ។ លោកបានបន្តទៀតថា ដើមផ្កាអង្គាសីលទាំងនេះត្រូវបានកាប់យកមកពីតំបន់ភ្នំជួរភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ដែលត្រូវជួលឱ្យគេកាប់យកមក ដែលចំណាយលើកម្លាំងពលកម្ម និងការដឹកជញ្ជូនអស់ធនធានប្រាក់កាសច្រើនគួរសមដែរ ហើយពេលនេះលក់មិនសូវដាច់ទៀត គាត់គ្មានសង្ឃឹមថាអាចស្រង់ដើមបាននោះទេ។
បើតាមអ្នកមកទិញផ្កាអង្គាសីលមួយចំនួនបានបង្ហើបឱ្យដឹងថា ពួកគាត់នៅតែមានជំនឿលើដើមផ្កាអង្គាសីលដាក់តាំងលម្អក្នុងផ្ទះ គឺបាននាំមកនូវសិរីសួស្ដី និងលាភសំណាងល្អ ដូច្នេះហើយទើបពួកគាត់នៅតែចូលមកទិញផ្កាអង្គាសីល ដើម្បីយកទៅដាក់តាំងលម្អនៅក្នុងផ្ទះដូចឆ្នាំមុនអញ្ចឹង បើទោះបីជាមានការនិយាយតៗគ្នាមិនឱ្យយករបស់ពណ៌លឿងចូលផ្ទះក៏ដោយ ក៏គាត់នៅតែធ្វើដោយខានមិនបានឡើយ៕