01/02/22 05:03 AM
ខេត្តប៉ៃលិន ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ក្រោយពីបុរសជាមន្ត្រីរដ្ឋបាលព្រៃឈើ ចូលនិវត្តន៍ និងជាមន្ត្រីបរិស្ថាន កិច្ចសន្យាម្នាក់ មានបញ្ហាជំងឺធ្ងន់ធ្ងរ (ដុះសាច់ក្នុងខួរក្បាល) ដេកស្តូកស្តឹងនៅលើកន្ទេល ស្រ្តីជាប្រពន្ធ ដាច់ចិត្តលើកម្រាមដៃ១០សំពះដង្ហោយរកជំនួយពីសប្បុរសជនក្នុង និងក្រៅខេត្ត ខណ:គ្មានលទ្ធភាពអាចបន្តរកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ព្យាបាលប្តីរបស់ខ្លួនបានទៀតនោះឡើយ។
លោកស្រី ឃឹម សារ៉ាន់ ត្រូវជាប្រពន្ធបុរសខាងលើ បានរៀបរាប់ ទាំងបង្ហូរទឹកភ្នែករហាម នៅក្បែរប្តី របស់ខ្លួនឱ្យដឹងថា ប្តីរបស់គាត់មាន ឈ្មោះ សំ អាន អាយុ៦៥ឆ្នាំ មានកូនចំនួន៣នាក់ ក្នុងបន្ទុក(ស្រី១ ប្រុស២នាក់) បច្ចុប្បន្នគ្រួសារគាត់សុំផ្ទះល្វែងគេស្នាក់នៅ ស្ថិតក្នុងភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ គាត់លើកដៃសំពះដង្ហោយរកជំនួយបន្តទៀតថាប្តីរបស់ខ្លួនជាមន្ត្រីរដ្ឋបាលព្រៃឈើខេត្តប៉ៃលិន ដោយបានចូលនិវត្តន៍អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ក៏បានចូលធ្វើជា មន្ត្រីបរិស្ថាន កិច្ចសន្យា រហូតមកដល់ពេលធ្លាក់ខ្លួនឈឺក៏ផ្អាកតែម្តង។ ក្រោយពីបញ្ហាសុខភាពកាន់តែដុនដាបទៅៗ នៅដើមឆ្នាំ២០២០ ធ្វើឱ្យជីវភាពគ្រួសាររបស់គាត់ មានសភាពលំបាកវេទនាយ៉ាងខ្លាំង ដោយគាត់ជាប្រពន្ធគ្មានលទ្ធភាព ចេញទៅរកថវិកាណាឆ្ងាយ ដើម្បីព្យាបាលប្តីរបស់ខ្លួនបានឡើយ គឺមានតែដើររើសអេតចាយលក់បានថវិកាតិចតួច សម្រាប់ទិញម្ហូបអាហារផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ដោយពេលខ្លះរកបានព្រឹក ខ្វះល្ងាច រីឯប្តីរបស់គាត់ កាន់តែយ៉ាប់យ៉ឺនទៅពីមួយថ្ងៃទៅមួយថ្ងៃ។
គាត់ក៏បានលើកម្រាមដៃដប់ សូមអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅស្រុក ព្រមទាំងថ្នាក់ដឹក នាំខេត្ត មេត្តាជួយផ្តល់នូវថវិកាមួយចំនួន សម្រាប់យកមកទិញម្ហូបអាហារជូនប្តីបរិភោគ មុនពេលគាត់លាចាកពីផែនដីនេះ។ គាត់បញ្ជាក់ទៀតថា តាំងពីប្តីរបស់ខ្លួនមានសភាពទ្រុឌទ្រោម អ្នកដែលធ្លាប់ពឹងពាក់ ឱ្យគាត់ធ្វើកិច្ចការខាងដីធ្លី ដែលពាក់ព័ន្ធនឹងបរិស្ថាន នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយគេធ្លាប់សន្យាថា នឹងឱ្យដី១ឡូតិ៍ ផ្ទះល្វែង១ខ្នង ក៏មិនដែលមកអើតមើលប្តីរបស់ខ្លួននោះឡើយ សូម្បីតែលុយកាក់ដែលគេសន្យាជូនប្តីរបស់ខ្លួន ក៏មិនបានទទួលនោះដែរ៕