01/02/22 08:07 AM
ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋដែលនាំគ្នាធ្វើដំណើរនៅតាមដងផ្លូវក្បែររង្វង់មូលវិមានឯករាជ្យព្រលឹងចុងសក់ ខណ:ពេលកំពុងធ្វើដំណើរ មានរថយន្តដឹកស្រាបៀរ១គ្រឿង កំពុងបើកបរសុខៗស្រាប់តែរបើកគន្លឹះទ្វារផ្នែកចំហៀងខាងស្តាំ បណ្តាលឱ្យជ្រុះកេសស្រាបៀរអាន់ឆើ(Anchor) បែកអស់ជាច្រើន ហូរស្រោចពេញផ្លូវ គិតជាទឹកប្រាក់អស់ប្រហែល១,០០០ ទៅ ២,០០០ ដុល្លារ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះទេ។
ហេតុការណ៍រថយន្តដឹកស្រាវបៀររបើកគន្លឹះទ្វារធ្លាក់ស្រាអស់ជាច្រើនកេស បណ្តាលឱ្យបែកហូរពេញផ្លូវនេះ បានកើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្បែររង្វង់មូលវិមានឯករាជ្យ ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីមន្រ្តីនគរបាល ដែលយាមនៅមុខសាលាខេត្តប៉ៃលិន បានឱ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញមានរថយន្តបិទឃ្លុបជិតដឹកស្រាបៀរ១គ្រឿង ពាក់ស្លាកលេខ ប៉ៃលិន 3A-1206 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតៗ លុះម្ចាស់បួងចង្កូតត្រង់កន្លែងរង្វង់មូលស្រាប់តែរបើកគន្លឹះទ្វារ ផ្នែកខាងស្តាំខ្ជាក់កេសស្រាបៀរអាន់ឆើចេញពីរថយន្តធ្លាក់ប្រាវបង្កឱ្យមាន ការភ្ញាក់ផ្អើលតែម្តង។ ប្រភពបន្តទៀតថា តែសំណាងល្អ អត់មានម៉ូតូ ឬរថយន្តណាមួយបើកបរនៅក្បែរនោះទេ កុំអីអាចត្រូវនឹងទ្វារដែលបោកពេញទំហឹង ឬក៏ត្រូវកេសស្រាបៀរធ្លាក់លើ អាចនឹងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាមិនខាន។
ប្រភពបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុភ្លាមៗ ម្ចាស់ស្តុកស្រាបៀររស់នៅក្នុងក្រុងប៉ៃលិន បានឱ្យកម្មករប្រមូលស្រាបៀរដែលជ្រុះដាក់លើរថយន្តផ្សេង ដើម្បីយកទៅដាក់លក់ដូរនៅ ក្នុងស្តង់របស់ខ្លួននាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមនេះ។
ប្រភពបញ្ជាក់ថា នគរបាលក៏ធ្វើការអប់រំណែនាំ ដល់ម្ចាស់រថយន្ត និងម្ចាស់ក្រុមហ៊ុនស្រាបៀរខាងលើ ដោយមុននឹងបើកបរដឹកស្រាបៀរទៅលក់ដូរចែកចាយនៅកន្លែងណាមួយ ត្រូវត្រួតពិនិត្យគន្លឹះរថយន្តរបស់ខ្លួនឱ្យបានហ្មត់ចត់ជាមុនសិន ដើម្បីជៀសវាងករណីគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខាតបង់ពេលវេលា និងទ្រព្យសម្បត្តិ ថែមទាំងអាច់ប៉ះពាល់ដល់អ្នកដទៃផងដែរ៕