01/02/22 17:09 PM
បាត់ដំបង៖ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ចេង លីស៊ុនឃៀង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ក្រោយរយៈពេល៤ខែហើយ សូមមកទទួលយកការចាក់ដូសទី៣ ឬដូសជំរុញបន្តទៀត នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលរដ្ឋបាលក្រុង ស្រុក ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត បានរៀបចំតាមផែនការចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្តបាត់ដំបង ឲ្យបានគ្រប់គ្នា ដើម្បីចៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩ ។
លោកវេជ្ជបណ្ឌិត ចេង លីស៊ុនឃៀង បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលខ្លួនឯង ដើម្បីបង្កើនភាពស៊ាំក្នុងខ្លួននិងសហគមន៍របស់យើងគ្រប់ៗគ្នា ក្នុងនោះលោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវបន្ថែម សូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចេះរៀនរស់នៅក្នុងបរិបទថ្មីជាមួយនឹងជំងឺកូវីដ-១៩ និងចេះទទួលខុសត្រូវក្នុងសង្គម ដោយការពារខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នកកុំឱ្យឆ្លងជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូរមីក្រុង នៅតែបន្តការឆ្លងក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃនៅឡើយ អ្វីដែលសំខាន់សូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន និងការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យពេញលេញ ឬគ្រប់ដូស ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។
លោក បានបញ្ជាក់ថា សម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនាពេលនេះ គឺមិនត្រឹមតែចាក់ជូនដូសទី៣ ឬដូសជំរុញប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋណា ដែលមិនទាន់ទទួលបានការចាក់នូវដូសទី១ ក៏ត្រូវចាក់ជូនផងដែរ នៅតាមមណ្ឌលចាក់វ៉ាក់សាំងក្នុងស្រុកនានានៃខេត្តបាត់ដំបង ដោយឡែកសម្រាប់ក្រុងបាត់ដំបង គឺមាននៅមណ្ឌលផ្សារភួពុយ មណ្ឌលបូរីរំចេក មណ្ឌលសុខភាពចំការសំរោង និងនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា រហូតមកដល់នឹងពេលនេះ មន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងតែធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ តាមផែនការរបស់ខ្លួនជាបន្តបន្ទាប់ ។ ជាលទ្ធផលគឺពលរដ្ឋមានអាយុពី១៨ឆ្នាំឡើង ចាប់ពីដូសទី១ដល់ដូសទី៤ បានចំនួន៨១៧,៥៣៦នាក់ ។ អាយុពី១២ឆ្នាំដល់១៧ឆ្នាំ ចាប់ពីដូសទី១ ដល់ដូសទី៣ បានចំនួន១៨៧,៧៩៣ នាក់ ។ អាយុចាប់ពី៦ដល់១១ឆ្នាំ ចាប់ពីដូសទី១ ដល់ដូសទី២ បានចំនួន១៦៤,៨៧៤ នាក់ និងកុមារអាយុ៥ឆ្នាំ ចាប់ពីដូសទី១ និងដូសទី២ បានចំនួន ២៤,៤៣៣ នាក់ ៕