01/02/22 17:15 PM
បាត់ដំបង៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូរមីក្រុង ខណៈពេលដែលពលករខ្មែរកំពុងតែមានចរន្តហូរចូលតាមច្រកព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ដែលត្រូវបានភាគីនៃប្រទេសថៃបញ្ជូនមកនោះ មន្ត្រីប្រចាំការនៅតាមច្រកព្រំដែនបាននឹងកំពុងធ្វើការរឹតបន្តឹងដល់ដំណើរការហូរចូលរបស់ពលករ ខ្មែរទាំងនោះដោយការធ្វើតេស្តរហ័ស (Rapitest) ដើម្បីរកមេរោគឆ្លងកូវីដ-១៩ ជាប្រចាំ ។
នាយការិយាល័យផ្សព្វផ្សារអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរៈសេនីយ៍ឯក សួន ស៊ីរ៉ា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្តល់ព័ត៌មានមកភ្នាក់ងារប្រចាំខេត្តបាត់ដំបងដឹងថា នៅថ្ងៃនេះ ខាងភាគីថៃបានបញ្ជូនពលករខ្មែរចំនួន ៤៦ នាក់បន្ថែមទៀត ឲ្យចូលមកក្នុងប្រទេសវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះមានស្រី២០នាក់ ក្មេង០៦នាក់ និងក្មេងស្រី០៣នាក់ ។
លោកវរៈសេនីយ៍ឯក សួន ស៊ីរ៉ា បានបញ្ជាក់ថា ក្រោយពីបានទទួលពលករ ក្រុមការងារបានធ្វើកំណត់ហេតុ និងសុំពលករទាំងអស់ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីធ្វើការត្រួតពិនិត្យសម្ភារៈហាមឃាត់ ដែលពួកគាត់បានយកមកតាមខ្លួន ដោយបានដកហូតកាំបិត១០ដើម, ញញួរ០២, កន្រ្តៃ០១ និងបានអប់រំណែនាំបន្ថែមអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ និងវិធានការ៣កុំ ៣ការពារដល់ពួកគាត់ឲ្យបានយល់ដឹង ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រួចមក ក៏បានប្រគល់ជូនទៅក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ដើម្បីយកសំណាកនិងធ្វើតេស្តរហ័ស ក្នុងការស្វែងរកេមរោគកូវីដ-១៩ នៅនឹងប៉ុស្តិ៍ផ្ទាល់តែម្តង ។
លោកនាយការិយាល័យផ្សព្វផ្សារអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបន្តទៀតថា ជាលទ្ធផលបន្ទាប់ពីបានត្រួតពិនិត្យសុខភាពរួច គឺអវិជ្ជមានមេរោគកូវីដ-១៩ទាំងអស់គ្នា ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យពលករចំនួន៣១នាក់ ក្នុងនោះមានស្រី១៧នាក់ ក្មេង០៦នាក់ ក្មេងស្រី០៣នាក់ ដែលមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវបានប្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំងដែរ តែស្កេនអត់មានទិន្នន័យចំនួន១៥នាក់ ក្នុងនោះស្រី០៣នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកវរៈសេនីយ៍ឯក សួន ស៊ីរ៉ា បានបញ្ជាក់ថា ជាប្រចាំ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង តែងតែដាក់បទបញ្ជាដល់កម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន ឲ្យបានច្បាស់លាស់ និងស្វែងរកមេខ្យល់ដែលលួចនាំពលករចេញចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕