ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា សរុបចំនួន ៨៩,៨៩៨នាក់ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិន សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២


ត្រលប់ក្រោយ

03/02/22 08:29 AM

ចំនួនទស្សនា៖

281

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឲ្យថា ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិន សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា សរុបចំនួន ៨៩,៨៩៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ៨៩,៦៨១នាក់ និងភ្ញៀវទេសចរអន្តរជាតិ ដែលជាទេសចរផ្ទៃក្នុង មានចំនួន២១៧នាក់ ។ 


លោក ហម អរុណ បានឲ្យដឹងដែរថា បើប្រៀបធៀបនឹងឆ្នាំកន្លងក្នុងពេលនៃពិធីបុណ្យចូលឆ្នាំចិន ដូចគ្នានេះដែរ ឆ្នាំនេះកំណើនភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង មានការកើនឡើងគួរឲ្យកត់សំគាល់ ។


លោក ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ មកពីហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរ ការរៀបចំផលិតផលថ្មីៗនៅតាមគោលដៅទេសចរណ៍សំខាន់ៗបានល្អ ហើយសម្រាប់ឆ្នាំនេះអាកាសធាតុមានអំណោយផលល្អ ព្រមជាមួយនោះនៅតាមតំបន់រមណីយដ្ឋាននិងគោលដៅទេសចរណ៍នៅជាប់ប្រភពទឹកមានសភាពស្អាត ទឹកត្រជាក់និងមានភាពថ្លាល្អ រាក់ងាយស្រួលក្នុងការងួតទឹកលេង ហើយកត្តាសំខាន់មួយទៀតគឺដោយសារតែប្រទេសមានសុខសន្តិភាព ដែលជាការផ្តល់ឱកាសដល់ពលរដ្ឋអាចធ្វើដំណើរទៅកាន់តំបន់ជិត ឬឆ្ងាយតាមតម្រូវការ ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការបើកប្រទេស បើកសេដ្ឋកិច្ចលើគ្រប់វិស័យ បន្ទាប់ពីប្រទេសជាតិមានភាពធូរស្រាលឡើងវិញនូវការផ្ទុះឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ បើទោះបីជារហូតមកមកដល់នឹងពេលបច្ចុប្បន្ន ការផ្ទុះឆ្លងនូវមេរោគបំប្លែងថ្មីអូរមីក្រុងនៅតែកើតរាល់ថ្ងៃ តែប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងបីប្រភេទ បាននឹងកំពុងធ្វើការប្រយុទ្ធប្រឆាំងទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលទៅមុខទៀត ។


យ៉ាងណាក៏លោក ហម អរុណ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងពេលនិងក្រោយពេលធ្វើដំណើរកម្សាន្តនាឱកាសថ្ងៃបុណ្យចូលឆ្នាំចិននេះ សូមបើកបរដោយគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងធូប ទៀននិងភ្លើង ចង្រ្កានជាដើម ដើម្បីកុំឲ្យកើតមាននូវគ្រោះអគ្គីភ័យឱ្យសោះ ៕




dd
Bottom Ad