03/02/22 09:48 AM
ខេត្តប៉ៃលិន ៖ មានប្រជាពលរដ្ឋរាយការណ៍ឱ្យដឹងថា កំណាត់ឈើជ្រុងរាប់សិបដុំ ប្រវែងជាង៣ម៉ែត្រ ត្រូវបានក្រុមឈ្មួញយកទៅលាក់ទុកនៅរាយប៉ាយ តាមជើងភ្នំស្រង់ ស្ថិតនៅក្នុងភូមក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយគេដាក់ការសង្ស័យថា អាចនឹងមានមន្ត្រីជំនាញណាម្នាក់ នៅពីក្រោយខ្នងនៃការកាប់បំផ្លាញព្រៃឈើដ៏ច្រើននៅលើភ្នំមួយនេះ ។
ប្រជាពលរដ្ឋដែលប្រទះឃើញកំណាត់ឈើដ៏ច្រើនសន្ធឹកសន្ធាប់ ដែលក្រុមឈ្មួញដាក់លាក់ទុក នៅរាយប៉ាយពាសពេញលើភ្នំស្រង់ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា ៖ តាមការសង្កេតមើលទៅព្រៃឈើនៅត្រង់ចំណុចភ្នំខាងលើនឹងរលត់រលាយជាក់ជាមិនខាន ខណ:មានក្រុមឈ្មួញ និងអ្នកស៊ីឈ្នួលកាប់ព្រៃ រស់នៅក្នុងខេត្តប៉ៃលិនមួយចំនួន បានយកម៉ាស៊ីនត្រង់ស៊ីន័រទៅដេកអាឈើនៅលើព្រៃភ្នំស្រង់នេះ អស់រយ:ពេលជាច្រើនខែមកហើយ គឺលាន់ឮសម្លេងម៉ាស៊ីនត្រសងប្រដេញគ្នាទាំងយប់ទាំងថ្ងៃ លុះប្រជាពលរដ្ឋសួរនាំក្រុមស៊ីឈ្នួលកាប់ឈើទាំងនោះ គេបង្ហើបឱ្យដឹងថា បានរត់ការទៅមន្រ្តីជំនាញអស់ហើយ។ ដូច្នេះ ទោះបីជាពួកគេនាំគ្នាកាប់ព្រៃអស់ពីភ្នំខាងលើ ក៏គ្មានបញ្ហាអ្វីដែរ ព្រោះភ្នំជាច្រើន ត្រូវបានកាប់ឈើអស់រលីង រួចក្រោយមក ត្រូវបានប្រជាពលរដ្ឋយកដីភ្នំទាំងនោះ ដើម្បីទៅដាំដំណាំអាស្រ័យផល។
ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការហិនហោច នៃព្រៃឈើនៅតាមតំបន់ភ្នំខាងលើ ព្រោះតែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ហាក់ដូចជាសម្ងំស្ងៀម គ្មានចំណាត់ការទៅលើជនល្មើសទាំងនោះឡើយ ហើយពេលពួកគេរាយការណ៍ជូន បែរជាស្ងាត់ឈឹង ហាក់ដូចជាមិនប្រក្រតី។ លើសពីនេះ ពួកគេមានការបារម្ភពីការប្រែប្រួលអាកាសធាតុ ព្រោះតែការកាប់បំផ្លាញព្រៃឈើអស់ គ្មានរុក្ខជាតិទាក់ទាញទឹកភ្លៀង ធ្វើឱ្យអាកាសធាតុគ្មានលំនឹង បង្កទៅជាបាតុភូតគ្រោះធម្មជាតិ ជាយថាហេតុថែមទៀតផង។ ពួកគាត់ក៏សំណូមពរឱ្យថ្នាក់ដឹកនាំខេត្តប៉ៃលិន ចុះត្រួតពិនិត្យមើលព្រៃឈើនៅកន្លែងខាងលើ ដើម្បីរក្សាព្រៃឱ្យបានគង់វង់ និងចាត់ការទៅលើជនបង្ហិនបំផ្លាញព្រៃឈើមួយចំនួនខាងលើផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើង បានទាក់ទងទៅលោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា ខាងលោកនឹងចាត់មន្រ្តីជំនាញចុះទៅត្រួតពិនិត្យមើល បញ្ហាកាប់បំផ្លាញព្រៃឈើខាងលើនេះ៕