06/02/22 12:57 PM
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ កាលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនពលរដ្ឋ និងអាជីវករ ១៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារអាជីវកររងគ្រោះទាំង ១៣គ្រួសារ ចំពោះ ឧប្បត្តិហេតុ ដែលមិននឹកស្មានដល់នេះ និងបានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរបារម្ភ អំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា» ។
នាឱកាសនោះដែរ ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះពេលយើងមិននៅ ឬចាកចេញពីផ្ទះត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រានហ្គាស ពន្លត់ទៀន ធូបជាមុនសិន ដើម្បី បង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ ម៉្យាងទៀត ការសង់តូបលក់ដូរឡើងវិញ ត្រូវតភ្ជាប់ចរន្តអគ្គិសនី ដោយរៀបចំឲ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស និងធានាសុវត្ថិភាព សម្រាប់បងប្អូនអាជីវករ ផងដែរ ។
បើតាមការបញ្ជាក់របស់អាជ្ញាធរ ស្រុកចំការលើ កាលពីយប់ វេលាម៉ោង ៩ និង ២០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ មានហេតុការណ៍អគ្គីភ័យ កើតឡើងដោយសារតែឆ្លងចរន្តអគ្គិសនី ពីបង្គោលភ្លើងតាមថ្នល់ បណ្តាលឱ្យឆេះរាលដាល ដល់តូបលក់ដូរទូរស័ព្ទ គ្រឿងអគ្គិសនី តូបអ៊ុតសក់ និងឆេះជាបន្តបន្ទាប់ ហើយបន្តរាលឆេះផ្ទះក្បឿង ទំហំ ១០ម×១៩ម ចំនួន ៣ខ្នង ទៀត នៅក្បែរផ្សារស្ពឺ អស់ទាំងស្រុង ។
នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា និងក្រុមការងារ បាននាំអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋទាំង ១២គ្រួសារ ក្នុង១ គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ មីជាតិ ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត (មុង ភួយ សារុង ក្រម៉ា ) ១កញ្ចប់ តង់ ១ អាវយឺត ចំនួន ៨ ។ ដោយឡែក ថវិកាផ្តល់ជូនម្ចាស់ផ្ទះ ដែលខូចខាតទាំងស្រុង និងជាម្ចាស់តូបរងគ្រោះ ១គ្រួសារ ថវិកាចំនួន ២លានរៀល ។ ផ្តល់ជូនម្ចាស់តូបរងគ្រោះ ១០គ្រួសារ ក្នុង ១គ្រួសារ ថវិកា ៥០០.០០០រៀល និងអាជីវកររងគ្រោះ ២គ្រួសារ ទៀត ដែលខូចខាតប្រហែល ៤០% ផ្តល់ជូន ១គ្រួសារ ថវិកាចំនួន ៤០០.០០០រៀល ផងដែរ៕