សម្តេចតេជោ៖ រយៈពេល៧ខែកម្ពុជាចម្រាញ់មាសបានជាង១៧០០គីឡូ ខណៈបច្ចុប្បន្ននេះក្នុងមួយសប្តាហ៍ ​ចម្រាញ់​បាន​រ៉ែមាស​ពី​៨០ទៅ១០០គីឡូក្រាម


ត្រលប់ក្រោយ

07/02/22 16:00 PM

ចំនួនទស្សនា៖

289

ប្រភព៖

ក្រចេះ

 


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលជាង៧ខែមកនេះ កម្ពុជាចម្រាញ់ ​រ៉ែមាស​ បាន​១ ៧៥១គីឡូក្រាមហើយ ពីតំបន់អូរខ្វាវ ក្នុងខេត្តមណ្ឌលគិរី ខណៈដែលបរិមាណមាសដែលកម្ពុជាចម្រាញ់បាននេះ គឺចាប់ផ្តើមមានចំនួនច្រើនឡើងជាបន្តបន្ទាប់ ដោយចន្លោះពី៨០-១០០គីឡូក្រាមក្នុងមួយសប្តាហ៍។


សម្តេចតេជោ ហ៊ុន សែនថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។


សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា កម្ពុជាមានតំបន់ដែលមានធនធានរ៉ែជាច្រើនកន្លែងទៀត នៅមិនទាន់ស្រាវជ្រាវអស់ ដែលមានទាំងរ៉ែមាស ធ្យូងថ្ម និងរ៉ែផ្សេងៗទៀត។


សម្តេចបានបញ្ជាក់បន្ថែមថា« រយៈពេលជាង៧ខែមកនេះ យើងផលិតបាន១៧៥១គីឡូ ជាទូទៅក្នុង១សប្តាហ៍យើងផលិតបានពី៨០-១០០គីឡូកាន់តែច្រើន អីចឹងបានជាខ្ញុំដាក់គោលដៅប៉ូលសេដ្ឋកិច្ច នៅទិសឦសាន គឺកសិ-ឧស្សាហកម្ម និងធនធានរ៉ែ យើងមិនទាន់ស្រាវជ្រាវអស់នៅឡើយទេ យើងនៅមានរ៉ែផ្សេងទៀត ដូចជាធ្យូងថ្ម និងកន្លែងផលិតមាសដទៃទៀត មិនទាន់បានប្រើប្រាស់ យើងទើបចាប់ផ្តើមផលិតមាសប្រមាណ៧ខែ។ មាសរបស់យើងមិនទាន់ក្លាយជាមាសទឹក១០នោះឡើយទេ យើងផលិតជាដុំៗ មាន២០គីឡូ ៣០គីឡូ ទើបដឹកពីកម្ពុជាទៅចម្រាញ់ជាមាសទឹក១០ នៅប្រទេសអូស្ត្រាលី»។

​ 

​សម្តេច ហ៊ុន សែន បានថ្លែងបន្តថា សមិទ្ធផលពីធនធានធម្មជាតិដែលកម្ពុជាទទួលបាននេះ គឺជាចំណែកមួយតូចមួយប៉ុណ្ណោះ ពីតំបន់ភូមិភាគឦសានកំពុងមាន នាសព្វថ្ងៃនេះ។ 


​សម្តេច ហ៊ុន សែន បានចាត់ទុកភូមិភាគឦសាននេះ គឺជាតំបន់កសិ-ឧស្សាហកម្មនិងធនធានរ៉ែ ដែលជាប៉ូលសេដ្ឋកិច្ចទីបួនរបស់កម្ពុជា ខណៈប៉ូលសេដ្ឋកិច្ចទីមួយ គឺរាជធានីភ្នំពេញ, ប៉ូលទីពីរនៅខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទីបី គឺខេត្តសៀមរាប​៕


dd
Bottom Ad