07/02/22 18:08 PM
សាលាវេទិកាមួយខ្នងស្ថិតក្នុងបរិវេណវត្ត ពោធិកែវ ព្រះនេត្រព្រះស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ដែលត្រូវបានចំណាយថវិកាអស់ចំនួនប្រាក់ខ្មែរ ១០១,៨៨៨,០០០រៀល ប្រាក់ចំនួនថៃ ៨៣៦,៨១៦បាត និងប្រាក់ដុល្លារសហរដ្ឋអាមេរិក ២៤,៩៣៥$ ត្រូវបានធ្វើពិធីកាត់ខ្សែបូណ៌សម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២២ ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះមេគណខេត្តបន្ទាយមានជ័យ។
ព្រះគ្រូបញ្ញា បជ្ជោតោ ហ៊ុន ហេង ព្រះសមុហ៍ អនុគណៈស្រុកព្រះនេត្រព្រះ និងជាព្រះគ្រូចៅអធិការវត្តពោធិកែវ ព្រះនេត្រព្រះ មានសង្ឃដីកាបញ្ជាក់ថា៖ សាលាវេទិកាវត្ត ពោធិកែវ ព្រះនេត្រព្រះដែលបានកកើតឡើងត្រូវចំណាយថវិកា អស់ជាច្រើនបែបនេះគឺបានមកពីសទ្ធាជ្រះថ្លា ពីសប្បុរសជនជិតឆ្ងាយនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ធ្វើឲ្យសាលាវេទិកានេះបានរួចរាល់ជាស្ថាពរ ល្អស្អាតរឹងមាំ ក្បូរក្បាច់រចនាដ៏ល្អតាមរចនាបទខ្មែរ ដែលការកសាងសាលាវេទិកានេះឡើងមានគោលបំណង ដើម្បីសម្រួលដល់កិច្ចប្រជុំរបស់សាលាអនុគណៈ ឬកិច្ចប្រជុំរបស់គណៈគ្រប់គ្រងវត្ត និងដើម្បីសម្រួលដល់សហគមន៍ដែលមានការចាំបាច់ណាមួយនោះ។ នាឱកាសនោះដែរគណៈអធិបតីក៏បានប្រគល់ ប្រកាសនីយប័ត្រគ្រូសូត្រស្ដាំ ឆ្វេង សម្រាប់ជាជំនួយការផ្ទាល់ដល់ព្រះចៅអធិការវត្ត និងជួយក្នុងកិច្ចការគ្រប់គ្រងការងារផ្សេងៗក្នុងវត្ត។
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងលោក ខៀវ សុនិមល៍ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានសំដែងនូវការ កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការ និងសូមថ្លែងនូវអំណរគុណចំពោះសប្បុរសជនជិតឆ្ងាយព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនចូលរួមកសាង សមិទ្ធផលនានាក្នុងវត្តពោធិកែវ ព្រះនេត្រព្រះនេះសម្រាប់ជាប្រយោជន៍រួមប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា ក៏ដូចជាសហគមន៍។
គួរបញ្ជាក់ថា៖ ក្នុងកម្មវិធីនេះផងដែរលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានចូលរួមប្រគេនជាថវិកាចំនួន ៤ លានរៀល ដល់ព្រះគ្រូចៅអធិការវត្ត សម្រាប់ទុកតម្កល់កសាងសមិទ្ធផលផ្សេងៗបន្តទៀត បញ្ចប់នៃកម្មវិធីនេះក៏មានរៀបចំរាប់បាតដល់ព្រះសង្ឃផងដែរ៕
បន្ទាយមានជ័យ,០៧/០២/០២២=ណុប-រក្សា(២៩០១៦)