08/02/22 09:46 AM
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយក្រុមការងារក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣ ទីតាំងបន្ថែមទៀតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។ ទីតាំងដែលលោកជំទាវ ឱ វណ្ណឌីន ចុះពិនិត្យមើលរួមមាន៖១/.មន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ២/.មណ្ឌលសុខភាព ជប់ និង ៣/.មន្ទីរពេទ្យបង្អែកស្រុកតំបែរ។
ក្នុងឱកាសនោះលោកជំទាវ បន្តក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ ត្រូវតែរួសរាន់ទៅទទួលយកនូវការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំង និងមូលដ្ឋានសុខាភិបាលតែម្ដង។ មួយវិញទៀតលោកជំទាវ ឱ វណ្ណឌីន បានជម្រាបជូនដល់ប្រជាពលរដ្ឋនូវជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពង់រីករាលដាលនៅបណ្តាប្រទេសនានាក្នុងពិភពលោកក៏ដូចនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកជំទាវ បានបន្តផ្តាំផ្ញើឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យឲ្យបានគ្រប់ៗគ្នា ក៏ដូចជាពាក្យស្លោក «៣កុំ ៣ការពារ» បូករួមជាមួយការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនដូសផងដែរ៕