បងប្រុសកូនក្រមុំខឹងក្រុមតន្ត្រីមិនព្រមផ្អាកច្រៀងកំដរភ្ញៀវ ដើម្បីឱ្យខ្លួនចាក់បទរីមិច (Remix)រាំ ខណ:សំណូមពរច្រើនដង ក៏ទាញកែវស្រាគប់អ្នកចម្រៀងផ្អើលរត់ជាន់ជើង


ត្រលប់ក្រោយ

08/02/22 09:49 AM

ចំនួនទស្សនា៖

371

ប្រភព៖

ប៉ៃលិន

ខេត្តប៉ៃលិន៖ ភ្ញៀវប្រុសស្រីកំពុងតែហូបអាហារឆ្ងាញ់មាត់ ដោយអ្នកខ្លះដើរទៅជល់កែវជាមួយមិត្តភក្តិយ៉ាងសប្បាយរីករាយ ខ្លះទៀតជល់កែវនៅតាមតុរៀងៗខ្លួនស្រាប់តែអ្នកចម្រៀង និងអ្នកភ្លេងនៅលើឆាកឈប់បន្តលេង ដោយរត់ចែកជើងគ្នាព្រៀត ដោយសារតែបងប្រុសរបស់កូនក្រមុំខឹងនឹងមេការក្រុមតន្ត្រីមិនធ្វើតាមសំណូមពររបស់ខ្លួន ខណ:សុំឱ្យអ្នកចម្រៀង និងអ្នកភ្លេងផ្អាក ហើយចាក់បទរីមិចរបស់ខ្លួន ដែលបានជួលគេ លុះម្ចាស់ឆាក មិនធ្វើតាមក៏ទាញកែវស្រាបៀរគប់ផ្អើលតែម្តង។  ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 


ប្រភពព័ត៌មានពីភ្ញៀវបានឱ្យដឹងថា នៅយប់មុនពេលកើតហេតុ គេសង្កេតឃើញ ភ្ញៀវប្រុសស្រីក្មេងចាស់ជាច្រើននាក់ បាននាំគ្នាទៅចូលរួមហូបអាហារក្នុងពិធីអាពាហ៍ពិពាហ៍របស់កូនក្រមុំមួយកន្លែងដែលឪពុកមាន ឈ្មោះ ម៉ុន ជាមន្រ្តីនៃមន្ទីរផែនការខេត្តប៉ៃលិន ប្រពន្ធឈ្មោះ ចែថា ជាអាជីវករលក់សាច់គោក្នុងផ្សារ លុះនាំគ្នាហូបតាំងពីល្ងាច រហូតដល់វេលាម៉ោង០៩យប់ ស្រាប់តែបងប្រុសបង្កើតរបស់កូនក្រមុំទៅនិយាយជាមួយមេការក្រុមតន្ត្រី សុំឱ្យឈប់លេងភ្លេងផ្ទាល់ដៃ និងឈប់ច្រៀង ព្រោះរូបគេចង់ប្តូរមកចាក់បទចម្រៀងរីមិច(Remix) ញាក់កន្ត្រាក់អារម្មណ៍រាំលេងសប្បាយជាមួយមិត្តភក្តិវិញ លុះមេការមិនយល់ព្រម ដោយឱ្យក្រុមលេងភ្លេង និងអ្នកចម្រៀងបន្តរហូតដល់ម៉ោង១០យប់ ទើបបងប្រុសកូនក្រមុំទាញកែវស្រា កំពុងផឹកគប់ទៅលើអ្នកចម្រៀង បណ្តាលឱ្យរត់គេចពេញឆាក។ តែសំណាងល្អ កែវស្រាមិនត្រូវនរណាម្នាក់ បណ្តាលឱ្យរងរបួសនោះទេ។


បើតាមការរៀបរាប់ពីលោក ម៉ៃ ជាមេការតន្ត្រីខាងលើ បានរៀបរាប់ឱ្យដឹងថា ពេលឃើញភ្ញៀវកំពុងតែហូបអាហារ ក្រុមតន្ត្រីរបស់លោកបន្តច្រៀងបទរាំវង់ និងបទញាក់ខ្លះៗ ដើម្បីបង្កភាពសប្បាយរីករាយ ស្រាប់តែបងប្រុសរបស់កូនក្រមុំ មកនិយាយនឹងខ្លួនថា រូបគេបានជួលអ្នកចាក់បទចម្រៀងរីមិច(Remix) អស់៥០ដុល្លារ ដើម្បីយកមកចាក់រាំសប្បាយនៅក្នុងរោងការនេះដែរ មុននឹងភ្ញៀវហូបអាហាររួច ត្រឡប់ទៅផ្ទះ។ លោកបន្តទៀតថា បើចាក់បទបែបនោះ នឹងគ្មានភ្ញៀវចាស់ៗណានៅបន្តរាំលេងបានទេ ព្រោះជាបទសម្រាប់ក្រុមក្មេងស្ទាវប៉ុណ្ណោះ ទើបខាងលោកមិនអនុញ្ញាត ក៏បង្កទៅជាបញ្ហាគប់កែវទៅលើឆាកតែម្ដង។ បើសិនជាគប់ត្រូវចំអ្នកចម្រៀង ឬអ្នកភ្លេង លោកនឹងមិនឱ្យរួចខ្លួននោះឡើយ។ តែក្រោយមកក៏មានការសម្របសម្រួលពីនគរបាលនៃអធិការក្រុងប៉ៃលិន ទើបខាងលោកឱ្យក្រុមតន្ត្រីបន្តច្រៀងកំដរភ្ញៀវរហូតដល់ម៉ោង១២យប់ រួចបិទផ្អាកតែម្តង៕



dd
Bottom Ad