08/02/22 13:13 PM
ខេត្តបាត់ដំបង៖ យោងតាមសេចក្តីជូនដំណឹងស្តីពី ការៀបចំអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងរបៀបរៀបរយការលក់ដូរ នៅផ្សាររាត្រីនាគបាញ់ទឹក ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ម៉ា ទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះណែនាំដល់អាជីវករនៅផ្សាររាត្រីនាគបាញ់ទឹក ត្រូវរើ តុ ទូ សម្ភារ ចេញឲ្យអស់ពីតូបក្រោយសម្រាកពីការលក់ដូរ។
លោក ម៉ា ទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ទីក្រុងឲ្យយបានល្អប្រសើរ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងនោះ រដ្ឋបាលខេត្តបាត់ដំបងបានបង្កើតគណៈកម្មការដឹកនាំរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពក្រុង ដោយតម្រូវអោយបងប្អូនអាជីវករទាំងអស់ដែលលក់ដូរនៅផ្សាររាត្រីនាគបាញ់ទឹកត្រូវតែអនុវត្តដូចខាងក្រោម៖
១-ត្រូវរុះរើ សំយាប រនាំង ដំបូល សម្ភារ ផ្សេងៗចេញឲ្យអស់
២-ត្រូវរក្សាទ្រង់ទ្រាយតូបដែលរដ្ឋបាលខេត្តបាត់ដំបងបានសាងសង់ និងប្រគល់ឲ្យលក់ដូរបណ្ដោះអាសន្ន ត្រូវរើ តុ ទូ សម្ភារ ចេញឲ្យយអស់ពីតូបក្រោយសម្រាកលក់ដូរ
៣- ត្រូវវេចខ្ចប់ទុកដាក់សំរាម សំណល់រឹង-រាវ ឲ្យបានត្រឹមត្រូវ និងលាងសំអាតតូប និងខាងមុខតូប ក្រោយសម្រាកលក់ដូរ
៤-ហាមចាក់ទឹកលាងចានចូលច្រាំងស្ទឹងសង្កែដាច់ខាត ក្នុងករណី បងប្អូនអាជីវករមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលក្រុងនឹងធ្វើការកាត់សំយាប និងរឹបអូសយកមករក្សាទុក និងបញ្ឈប់ការលក់ដូរបន្តទៀត។
យោងតាមសេចក្តីជូនដំណឹងខាងលើរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបងសង្ឃឹមនិងជឿជាក់ថាបងប្អូនអាជីវករនៅផ្សារាត្រីនាគបាញ់ទឹកអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីសហការខ្ពស់ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ទីក្រុងរបស់យើងទាំងអស់គ្នា។