08/02/22 13:38 PM
(សៀមរាប)៖ សម្ដេចពិជ័យសេនា បាញ់ បានអះអាងថាបញ្ហាព្រៃលិចទឹក ដែលក្រុមជនខិលខូច បានយកប្រជាកសិករធ្វើរបាំង ដើមី្បផលប្រយោជន៍របស់ខ្លួននោះ គ្រប់អាជ្ញាធរសមត្ថកិច្ចទាំងអស់ ត្រូវពិនិត្យចំពោះជនដែលបានបំពានការកាប់ទន្ទ្រានព្រៃលិចទឹក បើមានស្ថានភាពធ្ងន់ធ្ងរនោះ យើងក៏មិនអាចអនុគ្រោះឲ្យបានឡើយ គឺត្រូវអនុវត្តទៅតាមផ្លូវច្បាប់។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ សំខាន់ជាប់បឹងទន្លេសាប រួមសហការសាមគ្គីគ្នា ដើមី្បធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ ប្រជាពលរដ្ឋ និងសូមឲ្យអាជ្ញាធរបឹងទន្លេសាប ធ្វើការផ្សព្វផ្សាយអំពីច្បាប់គ្រប់តំបន់ព្រៃលិចទឹក ឲ្យបានស៊ីជម្រៅដល់ប្រជាកសិករ ដែលអាស្រ័យផល.នៅក្នុងតំបន់៣ ក្នុងការសំដៅរក្សាការពារ បឹងទន្លេសាប កុំឲ្យវិនាសបាត់បង់នូវព្រៃលិចទឹក ដែលជាដែនជម្រកត្រីពងកូននៅរដូវវស្សា និងសត្វស្លាបរស់នៅ។
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អះអាងយ៉ាងដូច្នេះ នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប។
សម្តេចទៀ បាញ់ ក៏បានថ្លែងជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង ការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាត ដោយគ្រប់គ្នាត្រូវធ្វើការកែលម្អ និង ធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈ ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយ អភិវឌ្ឍន៍ លើគ្រប់វិស័យ ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងឆ្នាំ២០២២៕