សាកលវិទ្យាល័យជាតិបាត់ដំបង បង្កើតជំនាញប្រព័ន្ធផ្សព្វផ្សាយ Digital ដើម្បីលើកកម្ពស់សេដ្ឋកិច្ចទីផ្សារការងារ តាមប្រព័ន្ធ Digital នៅក្នុងប្រទេសកម្ពុជា


ត្រលប់ក្រោយ

08/02/22 13:39 PM

ចំនួនទស្សនា៖

248

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ ស្របតាមភាពរីកចម្រើននៃសកលភាវូបនីយកម្មលើព័ត៌មានបច្ចេកវិទ្យាទំនើបកំពុងមានការវិវឌ្ឍ នោះ សាកលវិទ្យាល័យជាតិបាត់ដំបង បានបង្កើតជំនាញប្រព័ន្ធផ្សព្វផ្សាយ Digital បែបពាណិជ្ជកម្ម ឯកសារ ព័ត៌មាន និងភាពយន្តខ្នាតតូច ធំ ដល់និស្សិតទូទៅ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារលើវិស័យផ្សព្វផ្សាយ Digital សម្រាប់បម្រើការងារផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ។ 


លោក យឹង ហាក់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ បានបញ្ជាក់ថា មុខជំនាញនេះផ្តោតសំខាន់ទៅលើការបង្កើតចំណេះជំនាញផ្នែកបង្កើតនិងនិពន្ធVideo ផ្សព្វផ្សាយតាមបែបពាណិជ្ជកម្ម ឯកសារព័ត៌មាន និងភាគយន្តខ្នាតតូច ធំ ក្នុងគោលបំណងបង្កើតការលក់តាមទីផ្សារបែប Digital ផ្សព្វផ្សាយព័ត៌មានពិតតាមរយៈអ្នកមានវិជ្ជាជីវៈត្រឹមត្រូវ តាមបណ្តាញសង្គម និងបង្ហាញពីតម្លៃវប្បធម៌អប់រំក្នុងអរិយធម៌នៃព្រះរាជាណាចក្រកម្ពុជា ។ លោក បានបញ្ជាក់ថា នៅពេលវិស័យនេះមានភាពរីកចម្រើន និងមានលទ្ធភាពក្នុងការបង្កើតធនធានមនុស្សបានច្រើន ការផ្សព្វផ្សាយតាម Digital ក្នុងប្រទេសកម្ពុជា និងមានភាពធំទូលាយ និងប្រកបដោយសុក្រឹត្យភាព និងតម្លាភាព ។


លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានលើកឡើងពីការវិវឌ្ឍន៍នៃការរីកចម្រើនរបស់សាកលវិទ្យាល័យ ក្នុងដំណើរឆ្ពោះទៅរកវឌ្ឍនភាព ស្របទៅតាមចក្ខុវិស័យ និងបេសកកម្ម ក្នុងការផលិតនិងបង្កើនធនធានមនុស្ស ដែលមានសមត្ថភាព ឆ្លើយបតទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ទីផ្សារការងារ តាមប្រព័ន្ធ Digital ទាំងផ្នែកទន់និងរឹង ជាពិសេសលើការបង្កើតមុខជំនាញថ្មីៗ ដែលមានសក្តានុពល និងតម្រូវការទីផ្សារការងារខ្ពស់ ដូចជាជំនាញវិទ្យាសាស្រ្តអប់រំ ជំនាញស្ថាបត្យកម្ម និងជំនាញប្រព័ន្ធផ្សព្វផ្សាយ Digital នេះតែម្តង ហើយម្យ៉ាងវិញទៀត សមិទ្ធផលរបស់សាកលវិទ្យាល័យនាពេលបច្ចុប្បន្ននេះ ក៏កើតចេញមកពីការខិតខំប្រឹងប្រែងផងដែររបស់គណៈគ្រប់គ្រង មន្រ្តីរាជការ និងគ្រូបង្រៀនទាំងអស់ ក្នុងការបំពេញតួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត កិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងល្អ នៅសាកលវិទ្យាល័យជាតិបាត់ដំបង។


 លោក ឈន ប៊ុនហំ និងលោកស្រី សំ លក្ខិណា សាស្ត្រាចារ្យបច្ចេកទេសលើជំនាញ ប្រព័ន្ធផ្សព្វផ្សាយ Digital នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានឱ្យដឹងថា គោលបំណង ក្នុងការបណ្តុះបណ្តាលជំនាញថ្មីនេះ ដើម្បីឱ្យនិស្សិតក្លាយទៅ ជាអ្នកជំនាញនិពន្ធ គំនិតអប់រំ ក្នុង Video ផ្សព្វផ្សាយតាមវិស័យនានា ជាអ្នកសារព័ត៌មានអាជីព ដែលមានវិជ្ជាជីវៈត្រឹមត្រូវ ជាបុគ្គលកាត់តវីដេអូ ឬអ្នកថតជំនាញ ជាមន្ត្រីរាជការតាមក្រសួង មន្ទីរពាក់ព័ន្ធនឹងជំនាញផ្សព្វផ្សាយ ជាអ្នកស្រាវជ្រាវផ្នែកទីផ្សារ ជាអ្នកផលិតភាពយន្តខ្នាតតូច ឬខ្នាតធំ និងជាអ្នកគ្រប់គ្រងជំនួញខាងផ្សព្វផ្សាយ Digital ប្រកបដោយគុណភាព ក្នុងសម័យសកលភាវូបនីយកម្មទំនើបនៅលើសកលលោក ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍរីកចម្រើនដូចប្រទេសនានាក្នុងសកលលោក ៕



dd
Bottom Ad