ដុតសម្រាមក្នុងបរិវេណស្តង់ដំឡូងមី ឆេះសន្ធោរសន្ធៅ ផ្អើលប្រជាពលរដ្ឋ


ត្រលប់ក្រោយ

09/02/22 08:57 AM

ចំនួនទស្សនា៖

322

ប្រភព៖

ប៉ៃលិន

ខេត្តប៉ៃលិន៖ គេសង្កេតឃើញ នៅសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ចេញបរិវេណស្តង់ដំឡូងមីមួយកន្លែង ដោយមានគេដុតស្នូលពោត និងស្មៅងាប់ៗ បណ្តាលឱ្យប្រមូលផ្តុំជាអណ្តាតភ្លើងឆេះខ្មួលខ្មាញ់ផ្អើលប្រជាពលរដ្ឋនាំគ្នាទៅឈរមើល ខណ:ម្ចាស់ស្តង់ឆ្លើយឡើងថា មានក្មេងឃ្វាលគោលួចដុតសម្រាម ទើបបណ្តាលឱ្យរាលឆាបឆេះចូលក្នុងស្តង់របស់ខ្លួនបែបនេះ។  


ហេតុការណ៍ភ្លើងឆេះសម្រាមដ៏សន្ធោរសន្ធៅក្នុងបរិវេណស្តង់ដំឡូងមីនេះ បានកើតឡើងនៅវេលាម៉ោង៦ និង២០នាទីព្រលប់ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ប្រភពព័ត៌មានពីមន្រ្តីយោធាម្នាក់ បានឱ្យដឹងថា លោកបានក្រឡេកមើលពីកន្លែងបន្ទាយរបស់ខ្លួន នៅក្នុងភូមិដីក្រហម ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះខ្មួលខ្មាញ់យ៉ាងសន្ធោរសន្ធៅខ្ពស់ឡើងលើមេឃ ដោយលោកនឹកស្មានតែភ្លើងឆេះស្តង់ដំឡូងមីមួយនេះ ក៏ប្រញាប់បើកបរម៉ូតូយ៉ាងលឿន លុះមកដល់ឃើញភ្លើងកំពុងតែឆាបឆេះស្នូលពោត និងសម្រាមងាប់ៗ នៅក្នុងស្តង់ប៉ុណ្ណោះ មិនមែនឆេះស្តង់ដំឡូងមីនោះទេ។


ប្រភពបន្តទៀតថា ពេលលោកដើរទៅសួរនាំម្ចាស់ស្តង់ដំឡូងមីខាងលើ គេឆ្លើយយ៉ាងខ្លីថា ដោយសារក្មេងឃ្វាលគោជាអ្នកលួចដុតព្រៃ ទើបបណ្តាលឱ្យរាលឆេះចូលក្នុងស្តង់របស់ខ្លួន តែមិនបង្កឱ្យមានអគ្គីភ័យឆេះស្តង់ឡើយ ព្រោះម្ចាស់ស្តង់នៅឈរចាំការពារជាប់ជានិច្ច។


ចំណែកប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ការដុតភ្លើងនៅក្នុងស្តង់ដំឡូងមីនេះ មិនមែនឆេះរាលមកពីកន្លែងផ្សេងនោះទេ គឺគេសង្ស័យថា ម្ចាស់ជាអ្នកដុតនៅក្នុងស្តង់របស់ខ្លួនតែម្តង។


ពេលឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងខ្ពស់ត្រដែតបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋម្នាក់ៗ មានការព្រួយបារម្ភខ្លាំង ក្រែងឆេះរាលទៅដល់ចម្ការស្វាយកែវរមៀត ឬមៀនប៉ៃលិន និងចម្ការផ្សេងៗ ជាហេតុធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ទើបនាំគ្នាចុះទៅពិនិត្យមើលតែម្តង៕




dd
Bottom Ad