10/02/22 08:55 AM
បាត់ដំបង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងបាត់ដំបង បានជូនដំណឹងដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន អាជីវកម្ម នៅតំបន់ជុំវិញផ្សារធំបាត់ដំបង សូមឲ្យចូលរួមសហការអនុវត្តឲ្យបានល្អ តាមការជូនដំណឹងរបស់រដ្ឋបាលក្រុងបាត់ដំបង ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២តទៅ ដែលក្នុងសេចក្តីជូនដំណឹងនោះបានបញ្ជាក់យ៉ាងដូច្នេះទៀតថា រដ្ឋបាលក្រុងបាត់ដំបង នឹងសហការជាមួយមន្ទីរបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ នឹងអនុវត្តការផាកពិន័យចំពោះជនណា ដែលយកកញ្ចប់សំរាមទៅបោះចោលនៅផ្សារធំបាត់ដំបង តាមច្បាប់ជាធរមាន គឺចាប់ពី ១ម៉ឺន រៀលរហូតដល់ ១លានរៀល ។
ដូចនេះ ម្ចាស់លំនៅឋាន និងម្ចាស់អាជីវកម្ម នៅជុំវិញផ្សារធំបាត់ដំបង ត្រូវមានធុងសំរាមនៅតាមគ្រប់លំនៅឋាន អាជីវកម្ម ដែលនៅជុំវិញផ្សារធំបាត់ដំបង ត្រូវវេចខ្ចប់សំរាម ក្នុងថង់ឲ្យបានត្រឹមត្រូវ និងរក្សាកញ្ចប់សំរាមនៅក្នុងធុងសំរាមផ្ទាល់ខ្លួន រង់ចាំរថយន្តក្រុមហ៊ុន ស៊ីន ទ្រី មកប្រមូលដឹកជញ្ជូនរាល់ថ្ងៃ តាមម៉ោងកំណត់ គឺចាប់ពីម៉ោង០៦:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងម៉ោង១៩:០០នាទីយប់)ជាកំណត់ ដោយមិនអនុញ្ញាតឲ្យយកកញ្ចប់សំរាម ទៅចោលក្នុងធុងសំរាមរបស់ផ្សារធំបាត់ដំបងជាដាច់ខាត ក្នុងករណីបញ្ចេញកញ្ចប់សំរាមនៅមុខផ្ទះ ខុសម៉ោងឬយកកញ្ចប់សំរាមទៅចោលនៅផ្សារធំបាត់ដំបង រដ្ឋបាលក្រុង នឹងធ្វើការផាកពិន័យតាមច្បាប់ជាធរមាន ។
ការអនុវត្តបែបនេះគឺធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានទីក្រុងរបស់យើងទាំងអស់គ្នាតែប៉ុណ្ណោះ ៕