ខេត្តបាត់ដំបង ផ្តើមស្ថាបនាប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុង សំដៅប្រែក្លាយក្រុងបាត់ដំបង ទៅជាទីក្រុងទំនើប និងជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ


ត្រលប់ក្រោយ

11/02/22 10:04 AM

ចំនួនទស្សនា៖

295

ប្រភព៖

បាត់ដំបង

(បាត់ដំបង)៖ ចាត់ទុកជាសមិទ្ធផលដ៏ធំមួយសម្រាប់ខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាលនិងក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការស្ថាបនាប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងបាត់ដំបង ស្ថិតក្រោមកម្ចីឥណទានរបស់ធនាគារ ADB , AFD និងជំនួយឥតសំណងពីសហគមន៍អឺរ៉ុប(EU) ក្នុងរង្វង់ទឹកប្រាក់ប្រមាណជិត៣០លានដុល្លា ដែលពិធីក្រុងពាលី និងបើកការដ្ឋានសាងសង់ស្ថានីយ៍នេះ បានធ្វើឡើងនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។


អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានលើកឡើងថា ដោយសារការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អគារ លំនៅស្ថាន ព្រមទាំងកំណើនប្រជាជន ដែលរស់នៅក្នុងក្រុងបាត់ដំបងក៏ដូចជាប៉ែកខាងលិចស្ទឹង មានការកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់ សំណល់ ដែលជាកង្វល់ដ៏ធំមួយទាមទារត្រូវយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយទាន់ពេលវេលានិងចំគោលដៅ ។


ឯកឧត្ដម បានបញ្ជាក់ថា ដើម្បីចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហានេះក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បានដាក់ចេញផែនការសកម្មភាពក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់ តាមរយៈកិច្ចសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានាក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូលនិងធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ។


អនុរដ្ឋលេខាធិការការក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក វង្ស ពិសិដ្ឋ បានចាត់ទុកថា គម្រោងនេះគឺពិតជាចំណងដៃដ៏ពិសិដ្ឋដែលឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សង្គមជាតិ ឈានទៅការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ។


តំណាងប្រជាពលរដ្ឋនៅក្រុងបាត់ដំបង លោក ទួត រើន បានរំលេចនូវមោទនភាពរបស់ខ្លួន ខណៈដែលក្រុងបាត់ដំបង ទទួលបាននូវសមិទ្ធផលថ្មីមួយទៀត ដែលបម្រើបានលើពហុវិស័យ តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិនាពេលខាងមុខនេះ ។


ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា បានចាត់ទុកថា តាមរយៈនៃការស្ថាបនាប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងបាត់ដំបង រួចរាល់ហើយ នឹងអាចប្រែក្លាយទីក្រុងបាត់ដំបង ទៅជាទីក្រុងទំនើបជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តនិងធម្មជាតិ និងការលើកកម្ពស់សោភ័ណភាពក្រុងឱ្យស័ក្កិសមជាទីក្រុងស្អាត “រំដួល៣ទង” ផងដែរ ៕



dd
Bottom Ad