ពលរដ្ឋជិត១លាន ២សែននាក់ នៅខេត្តបាត់ដំបង ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩


ត្រលប់ក្រោយ

14/02/22 10:11 AM

ចំនួនទស្សនា៖

214

ប្រភព៖

បាត់ដំបង

(បាត់ដំបង)៖ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ចេង លីស៊ុនឃៀង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបងដឹងថា គិតត្រឹមថ្ងៃនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ចំនួន ១,១៩៤,៦៣៨នាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ។


ក្នុងនោះពលរដ្ឋមានអាយុពី១៨ឆ្នាំឡើង ចាប់ពីដូសទី១ដល់ដូសទី៤ បានចំនួន៨១៧,៥៣៦នាក់ ។ អាយុពី១២ឆ្នាំដល់១៧ឆ្នាំ ចាប់ពីដូសទី១ ដល់ដូសទី៣ បានចំនួន១៨៧,៧៩៣ នាក់ ។ អាយុចាប់ពី៦ដល់១១ឆ្នាំ ចាប់ពីដូសទី១ ដល់ដូសទី២ បានចំនួន១៦៤,៨៧៤ នាក់ និងកុមារអាយុ៥ឆ្នាំ ចាប់ពីដូសទី១ និងដូសទី២ បានចំនួន ២៤,៤៣៣ នាក់ ។


លោកវេជ្ជបណ្ឌិត ចេង លីស៊ុនឃៀង បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលខ្លួនឯង ដើម្បីបង្កើនភាពស៊ាំក្នុងខ្លួន និងសហគមន៍របស់យើងគ្រប់ៗគ្នា ។ អ្វីដែលសំខាន់សូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចេះរៀនរស់នៅក្នុងបរិបទថ្មីជាមួយនឹងជំងឺកូវីដ-១៩ និងចេះការពារខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នកកុំឱ្យឆ្លងជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូរមីក្រុង នៅតែបន្តការឆ្លងក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃ។


លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ ៣កុំ និង៣ការពារ ក៏ដូចជាវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ជាពិសេសចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣និងទី៤ឱ្យបានគ្រប់ៗគ្នា ព្រោះនេះជាខ្សែក្រវ៉ាត់ការពារទី១ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីអូរមីក្រុងផងដែរ ៕



dd
Bottom Ad