14/02/22 10:15 AM
(ស្វាយរៀង)៖ នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាសុខាភិបាល សម្រាប់បម្រើក្នុងការងារប្រចាំថ្ងៃតាមមន្ទីរពេទ្យ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលរីករាលដាល ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យបង្អែក និងប្រធានការិយាល័យសាលាខេត្ត ។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលបានឧបត្ថម្ភសម្ភារបរិក្ខាជូនដល់រដ្ឋបាលខេត្តស្វាយរៀង។ នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភ សម្ភារៈសម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។ សូមជូនពរ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។
ចំពោះសម្ភារដែលទទួលបានរួមមាន៖ បរិក្ខាវេជ្ជសាស្រ្តា ចំនួន១៥០កេស, ស្រោមដៃ ១០,០០០គូ, អាវក្រណាត់ ៧,៥០០អាវ, ឈើច្រត់ជនពិការ៥គូ, ជើងរៀនដើរមានកង ៥សម្រាប់, ជើងរៀនដើរ ២០សម្រាប់, ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ទុកប្រើប្រាស់ក្នុងប្រយុទ្ធនឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងរីករាលដាល និងគំរាមគំហែងដល់សុខភាព និងអាយុជីវិតប្រជាជន ក្នុងខេត្តស្វាយរៀង ក៏ដូចជាប្រជាជនកម្ពុជានាពេលនេះ៕