អាជ្ញាធរព្រំដែន បានរកឃើញជំងឺកូវីដ-១៩ លើពលករឆ្លងដែនប្រុស-ស្រី ចំនួន២នាក់ បញ្ជូនទៅកាន់មណ្ឌលព្យាបាល ស្រុកសំពៅលូន ខេត្តបាត់ដំបង


ត្រលប់ក្រោយ

14/02/22 10:22 AM

ចំនួនទស្សនា៖

280

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ ពីមួយថ្ងៃទៅមួយថ្ងៃ ការធ្វើមាតុភូមិនិវត្តន៍របស់ពលករខ្មែរ ដែលបានចេញទៅធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកស្រុកកំណើតវិញមានចំនួនកាន់តែកើនឡើងជារៀងរាល់ថ្ងៃ ហើយក្នុងនោះអាជ្ញាធរនៅតាមព្រំដែនរួមជាមួយមន្ត្រីជំនាញកំពុងតែយកចិត្តទុកដាក់ធ្វើការទប់ស្កាត់នៃការហូរចូលនៃជំងឺកូវីដ-១៩ តាមរយៈនៃការធ្វើតេស្តរហ័សលើពលករ ដើម្បីស្វែងរកមេរោគកូវីដ-១៩ ជាក់ស្តែងនៅរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បើតាមការផ្តល់ព័ត៌មានពីលោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយនិងអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា មន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរកឃើញមនុស្សប្រុស ស្រី ចំនួន២នាក់ ទៀត មានផ្ទុកវីរូសកូវីដ-១៩ ហើយបានបញ្ជូនខ្លួនទៅកាន់មណ្ឌលព្យាបាលនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។


លោក បានបញ្ជាក់ទៀតថា ការរកឃើញវត្តមានជំងឺកូវីដ-១៩ លើពលករប្រុស ស្រី ទាំង២នាក់នេះ បានធ្វើឡើងក្នុងពេល ដែលភាគីនៃប្រទេសថៃ បានបញ្ជូនពលករខ្មែរចំនួន ៤៩នាក់ ឱ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោក សួន ស៊ីរ៉ា បានបន្តថា ក្រុមពលករមកពីប្រទេសថៃទាំង ៤៩នាក់នោះ ត្រូវបានកម្លាំងនគរបាលធ្វើការអប់រំណែនាំបន្ថែមអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងវិធានការការពារលើការចម្លងនៃជំងឺកូវីដ-១៩ រួចរាល់ហើយ ទើបក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលបាលខេត្តបាត់ដំបង យកសំណាកធ្វើតេស្ត ដើម្បីស្វែងរកមេរោគកូវីដ-១៩ ជាបន្តបន្ទាប់ ជាលទ្ធផល គឺវិជ្ជមានចំនួន២នាក់ ក្រៅពីនោះគឺអវិជ្ជមានទាំងអស់គ្នា ។


លោក បានបង្ហាញឲ្យដឹងថា ក្រៅពីមានករណីវិជ្ជមានជំងឺកូវីដ-១៩ មន្ត្រីជំនាញនូវបានរកឃើញពលករចំនួន ១៨នាក់ ដែលមានប័ណ្ណចាក់វ៉ាក់សាំងស្កែនមិនមានទិន្នន័យ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយឡែកពលករដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ចំនួន ៣១នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញផងដែរ ៕



dd
Bottom Ad