15/02/22 08:55 AM
បាត់ដំបង៖ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង លោក គុណសម្បត្តិ មុនីរត្នន៍ បានបង្ហាញនូវសុទិដិ្ឋនិយមចំពោះទីអារាមវត្តទាំងអស់នៅទូទាំងខេត្តបាត់ដំបង ត្រូវតែមានប្លង់មេច្បាស់លាស់សម្រាប់ការសាងសង់ទីអារាមវត្តឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់សម្រាប់ការគ្របគ្រងដីវត្តបានគត់មត់ ដើម្បីកុំឱ្យមានការរំលោភបំពានពីជនសួនតួនិយមមួយចំនួន ដែលចង់បានដីវត្តធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោក បានបញ្ជាក់ថា កន្លងមក មានជនមួយចំនួន បានវាយបំបាក់របងវត្តសុំធ្វើជាកន្លែងលក់ដូរតិចតួចទេ តែក្រោយមកបានបន្លំធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ លោក បានបន្តទៀតថា បញ្ហានេះត្រូវបានរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការដោះស្រាយលើជនរំលោភបំពានលើដីរបស់វត្តបានជាបន្តបន្ទាប់ មិនឱ្យកើតមានភាពអាណាធិបតេយ្យឡើយ ដែលរឿងហេតុបែបនេះច្រើនតែកើតមាននៅក្នុងទីក្រុង ។
លោក គុណសម្បត្តិ មុនីរត្នន៍ បានលើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង បានខិតខំដោះស្រាយទំនាស់ព្រំដី និងការរំលោភបំពានដីធ្លីទទួលបានជោគជ័យជាបន្តបន្ទាប់ ដែលការងារនេះធ្វើឡើងដើម្បីឆ្លើយតបតាមតម្រូវការ ក្នុងការរៀបចំទីក្រុងបាត់ដំបង ឱ្យទៅជាបេក្ខភាពជាទីក្រុងស្អាតផ្ការំដួល៣ទង និងជាទីក្រុងស្អាតអាស៊ាន ដែលខេត្តបាត់ដំបងទើបទទួលបាននាពេលថ្មីៗនេះនៅខេត្តព្រះសីហនុ ហើយរដ្ឋបាលខេត្ត បានធ្វើពិធីដង្ហែពានរង្វាន់នេះ ដើម្បីអបអរសាទរផងដែរ ។
ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ លោកបានបញ្ជាក់ថា គោលការណ៍៣កុំ ៣ការពារ គឺជារូបមន្តដ៏មានសារសំខាន់បំផុតក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព និងត្រូវទាមទារឱ្យពលរដ្ឋគ្រប់ៗរូបបន្តការអនុវត្តគោលការណ៍នេះជាបន្តទៀត ដើម្បីកុំឱ្យជំងឺកូវីដ-១៩នេះ គ្រប់គ្រងខ្លួនយើង គ្រួសារ និងសហគមន៍របស់យើងបានឡើយ ។លោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ក្រោយរយៈពេល៤ខែហើយ សូមមកទទួលយកការចាក់ដូសទី៣ ឬដូសជំរុញបន្តទៀតនៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលរដ្ឋបាលក្រុង ស្រុក ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត បានរៀបចំតាមផែនការចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្តបាត់ដំបង ឲ្យបានគ្រប់គ្នា ដើម្បីចៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩ ។
លោកឧកញ៉ាមហាឧបាសិកា សេង សុខុម មានប្រសាសន៍ថា ការងារបណ្តុះធនធានមនុស្សផ្នែកពុទ្ធសាសនាគឺជាការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ក្នុងនោះសូមឱ្យកូនចៅទាំងអស់កុំដើរផ្លូវខុសដែលធ្វើឱ្យសង្គមមានការភ័យខ្លាច កុំសេពគ្រឿងញឿន កុំប្រព្រឹត្តនូវអប្បាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ហើយត្រូវងាកមកខិតខំសិក្សារៀនសូត្របង្កើនចំណេះដឹង ដើម្បីរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែមានការអភិវឌ្ឍតទៅមុខទៀត ។
ការថ្លែងរបស់លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង និង លោកឧកញ៉ាមហាឧបាសិកា សេង សុខុម បែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធកន្លែងតម្កល់ និងអភិសេកព្រះបដិមា បុណ្យផ្កាប្រាក់សាមគ្គីវត្តឧត្តមត្រៃសិក្ខារាម ហៅវត្តកំប្រ៉ង់ ស្ថិតក្នុងឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា កាន់តែមានការរីកចម្រើន ៕