អាជ្ញាធរស្រុកបាណន់ ប្រែក្លាយទិវានៃសេចក្តីស្រឡាញ់ មកជាទិវាសម្អាតអនាម័យ ដើម្បីបង្ហាញពីក្តីស្រឡាញ់បរិស្ថាន និងភ្ញៀវទេសចរ


ត្រលប់ក្រោយ

15/02/22 09:08 AM

ចំនួនទស្សនា៖

491

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ ស្របពេលថ្ងៃ១៤ កុម្ភ: ដែលមានមនុស្សរស់នៅលើភពផែនដីមួយចំនួនបាននាំគ្នាចាត់ទុកថា ជាទិវាបុណ្យសង្សារ ឬគេហៅមួយបែបទៀតជាទិវានៃសេចក្តីស្រឡាញ់ចំពោះមនុស្សដែលខ្លួនស្រឡាញ់នោះ សម្រាប់អាជ្ញាធរស្រុកបាណន់ ក្រោមការដឹកនាំដោយ លោក ស្រេង សុខា អភិបាលស្រុក បានយកថ្ងៃ១៤ កុម្ភ:នេះ ប្រែក្លាយមកជាទិវាសម្អាតអនាម័យ ដោយបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជុំវិញស្រុកបាណន់ សម្អាតអនាម័យបរិស្ថានគ្រប់ដងផ្លូវទាំងអស់នៅទូទាំងស្រុក ពិសេសដងផ្លូវចាប់ពីព្រំប្រទល់នៃក្រុងបាត់ដំបងទៅកាន់តំបន់រមណីយដ្ឋានប្រាសាទបាណន់ ។ 


លោក ស្រេង សុខា បានបញ្ជាក់ថា ទិវាសម្អាតអនាម័យនេះមានគោលបំណងចង់បង្ហាញដល់មនុស្សទាំងអស់ធ្វើការបើកបេះដូង ក្នុងការលើកកម្ពស់ និងការស្រឡាញ់បរិស្ថាន ស្រឡាញ់សោភណ្ឌភាព និងស្រឡាញ់ភ្ញៀវទេសចរ ក៏ដូចជាការចូលរួមធ្វើឲ្យសហគមន៍និងស្រុកបាណន់ មានភាពស្រស់ស្អាត គ្មានសំរាម គ្មានថង់ផ្លាស់ស្ទីកហើរតាមខ្យល់ ។


ប្អូនស្រី ចាន់ រ៉ូឌី រស់នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ បានបញ្ជាក់ថា ថ្ងៃនេះគឺពិតជាមានសារសំខាន់បំផុត ដែលអ្នកស្រុកបាណន់ បានយល់ដឹងអំពីទិវានៃសេចក្តីស្រឡាញ់ ដែលអាជ្ញាធរស្រុក បានប្រែក្លាយមកជាទិវាស្រឡាញ់បរិស្ថាន ធ្វើឲ្យស្រុកបាណន់ និងសហគមន៍ទាំងអស់គ្មានសំរាម ។


តំណាងសហភាពសហព័ន្ធយុវជនស្រុកបាណន់ អ្នកស្រី ធៀម ចាន់ថូ បានបញ្ជាក់ថា ទិវានៃសចក្តីស្រឡាញ់មិនមែនបញ្ជាក់ពីគូសង្សារនោះទេ គឺជាការស្រឡាញ់រវាងគ្រួសារ មាតា បិតា ក៏ដូចជាមនុស្សទូទៅ សម្រាប់ថ្ងៃនេះរដ្ឋបាលស្រុកបាណន់ បានធ្វើការកែប្រែទិវា១៤ កុម្ភៈ មកជាការស្រឡាញ់បរិស្ថាន ដើម្បីកំណើនភ្ញៀវទេសចរមកលេងខេត្តបាត់ដំបងកាន់តែមានចំនួនច្រើន ។


ទាក់ទងនឹងទិវានៃសេចក្តីស្រឡាញ់នេះដែរ លោកអភិបាលស្រុកបាណន់ ស្រេង សុខា បានអំពាវនាវដល់ស្រទាប់យុវវ័យទាំងអស់ សូមកុំយល់ខុសទិវានៃសេចក្តីស្រឡាញ់ គឺជាថ្ងៃបុណ្យសង្សារនោះ ហើយសូមងាកមកចូលរួមធ្វើការងារសង្គមឲ្យបានច្រើន ជាពិសេសការសម្អាតអនាម័យបរិស្ថានជាដើម ។


សូមបញ្ជាក់ថា បាណន់ គឺជាស្រុកមួយក្នុងចំណោមស្រុកគោលដៅជាច្រើនទៀតរបស់ខេត្តបាត់ដំបង ដែលមានតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ជាពិសេសតំបន់រមណីយដ្ឋានប្រាសាទបាណន់ ហើយនៅតំបន់ជំវិញប្រាសាទមានទេសភាពដ៏ស្រស់ស្អាតនៃកស្សិណ និងមានទេសភាពដ៏ស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវឲ្យមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ៕



dd
Bottom Ad