អាជ្ញាធរខេត្តបាត់ដំបង ព្រមានក្រុមហ៊ុនប្រមូលសំរាមបើមិនគោរពតាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនទេនឹងផ្ដាច់កុងត្រាជាបន្ទាន់


ត្រលប់ក្រោយ

16/02/22 09:28 AM

ចំនួនទស្សនា៖

270

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានធ្វើការព្រមានដល់ម្ចាស់ក្រុមហ៊ុនប្រមូលសំរាម ដែលបានចុះកុងត្រារួចរាល់ហើយ បើមិនបានអនុវត្តកាតព្វកិច្ចតាមគោលការណ៍របស់ខ្លួនទេ នឹងត្រូវធ្វើការកាត់ផ្តាច់កុងត្រាជាបន្ទាន់ ដើម្បីរកក្រុមហ៊ុនថ្មីជំនួស ដែលគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលសំរាមចេញពីក្រុងឲ្យបានទាន់ពេលវេលា។


ការព្រមានរបស់អភិបាលខេត្តបាត់ដំបង ក្នុងពេលដែល ឯកឧត្ដម សុខ លូ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីធ្វើការណែនាំបន្ថែមលើផែនការធ្វើឱ្យប្រសើរឡើងនូវសោភ័ណភាព បរិស្ថាន អនាម័យនៅទូទាំងខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនប្រមូលសំរាម ក្នុងខេត្តបាត់ដំបងផងដែរ ។


ឯកឧត្ដម សុខ លូ បានបញ្ជាក់ថា ការងារកែលម្អសោភ័ណភាព បរិស្ថាន អនាម័យ នេះ មិនមែនសំដៅតែក្នុងក្រុងបាត់ដំបងតែមួយប៉ុណ្ណោះទេ គឺត្រូវធ្វើនៅទូទាំងខេត្ត ក្នុងនោះមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវតែមានការរៀបចំជាធុងសំរាម និងកន្លែងដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យក្រុមហ៊ុនប្រមូលសំរាមអាចប្រមូលសំរាមបានកាន់តែរហ័ស និងងាយស្រួល។


ឯកឧត្ដម អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រុមហ៊ុនប្រមូលសំរាម ក៏ត្រូវមានកាតព្វកិច្ចមួយគឺយកសំរាមឲ្យបានទៀងទាត់ និងឲ្យអស់នៅតាមមន្ទីរអង្គភាព និងនៅតាមសាធារណៈនានាឲ្យបានកាន់តែឆាប់រហ័ស និងស្អាត បើសិនជាក្រុមហ៊ុនប្រមូលសំរាមមិនបានគោរពតាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនទេ នឹងឈានទៅកាត់ ផ្ដាច់កុងត្រាទាំងស្រុងតែម្ដង។


ឯកឧត្ដម សុខ លូ បានបន្តថា បច្ចុប្បន្ននេះ ចាប់ផ្ដើមមានផ្លែផ្កាជាបណ្ដើរៗហើយ ដោយមានការប្រែប្រួលច្រើន ជាពិសេសបរិស្ថានជុំវិញផ្សារធំបាត់ដំបង (ផ្សារណាត់) ចាប់ផ្ដើមមានការទុកដាក់សំរាមមានរបៀបរៀបរយជាងមុន ដោយលែងមានសំរាមសល់ទុកចោលរាប់ថ្ងៃដូចមុនទៀតឡើយ ដូចនេះប្រជាពលរដ្ឋត្រូវតែបន្តចូលរួមជាមួយអាជ្ញាធរ ដើម្បីសោភ័ណភាពទីក្រុងរបស់យើង ទន្ទឹមនឹងនោះរដ្ឋបាលខេត្តបាត់ដំបងកំពុងសិក្សាអំពីការដាក់កាម៉េរ៉ាតាមដងផ្លូវដោយក្នុងគោលបំណងទី១ គឺដើម្បីពិនិត្យមើលសុខសុវត្ថិភាពនៅតាមដងផ្លូវផង និងទី២ដើម្បីពិនិត្យមើលអ្នកចោលសំរាមនៅតាមទីសាធារណៈ ដើម្បីពិន័យអ្នកដែលចោលសំរាមផ្ដេសផ្ដាសនៅតាមសាធារណៈផងដែរ ។


ឯកឧត្ដម បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវស្វែងរកក្រុមហ៊ុនវិនិយោគផ្នែកប្រមូលសំរាមក្នុងស្រុក និងរកទីលានចាក់សំរាមដែលទំនេរ ។ ចំពោះស្ទឹង ប្រឡាយ អូរ គឺដាច់ខាតមិនត្រូវមានសំរាមឡើយ និងនាំគ្នាចូលរួមក្នុងការរើសសំរាមជាប្រចាំ ដោយមិនចាំបាច់មានទិវាអនាម័យអ្វីឡើយ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ និងដើម្បីសហគមន៍ស្អាតទាំងអស់គ្នា៕



dd
Bottom Ad