17/02/22 12:13 PM
ប៉ៃលិន៖ សម្តេចព្រះភគវន្តអនន្តញ្ញាណតាំងពីទ្រង់បានត្រាស់ជាព្រះពុទ្ធស្រេចហើយ ពេលណាព្រះអង្គត្រាច់ប្រកាសព្រះពុទ្ធសាសនាតាមទីប្រជុំនិគមជនបទមិនខ្លាចនឿយព្រះកាយ ព្រមទាំងដឹកនាំមនុស្សក្នុងពិភពលោកដែលមិនទាន់មានសទ្ធាឱ្យមានសទ្ធាឡើង រីឯអ្នកដែលមានសទ្ធាហើយឱ្យកាន់តែមានសទ្ធាថែម មានមុខឆ្ពោះកាន់ព្រះពុទ្ធសាសនាតាមលំអាន ហើយព្រះដ៏មានព្រះភាគទ្រង់ប្រព្រឹត្តនូវពុទ្ធកិច្ចទាំង៥ប្រការអស់រយៈពេល៤៥វស្សាមិនឱ្យចន្លោះឡើយដើម្បីជាប្រយោជន៍ដល់សព្វសត្វទាំងពួងទាំងឡាយ ។
ព្រះតេជគុណ អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះគ្រូចៅអធិវត្តពោធិមារាម (ពោធិម៉ារ៉ាម) ហៅវត្តប៉ាហ៊ី បានមានសង្ឃដិកាថា បុណ្យមាឃបូជា គឺជាការរំលឹកដល់ព្រះពុទ្ធ ដែលព្រះអង្គទ្រង់ ដាក់អាយុសង្ខា និងចតុរង្គសន្និបាទ។
មាឃបូជា ជាបុណ្យថ្នាក់ជាតិដ៏ធំមួយក្នុងចំណោមបុណ្យជាតិដទៃទៀត ដែលពុទ្ធសាសនិកតែងគោរពបូជាមិនដែលខាន នៅពេលដល់ថ្ងៃពេញបូណ៌មីខែមាឃចូលមកដល់។ នៅថ្ងៃនេះ ពុទ្ធិបរិស័ទ្ធ បានមកប្រជុំគ្នារៀបចំគ្រឿងសក្ការបូជាទាំងឡាយមានទៀន ធូប និងផ្កាជាដើមបូជាក្នុងវត្តអារាមផ្សេងៗ ដោយមានព្រះពុទ្ធរូបស្នងអង្គគង់ចំពោះមុខជាប្រធានហាក់ដូចជាព្រះបរមសាស្តាអង្គនោះធរមានចំពោះមុខនៃយើងទាំងអស់គ្នា។
ពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាតែងតែប្រារព្ធពិធីបុណ្យមាឃបូជានេះ នៅថ្ងៃពេញបូណ៌មី (១៥កើត) ខែមាឃ ដើម្បីរំលឹកដល់ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខានៅចំពោះមុខមារថា ម្នាលមារមានចិត្តបាបគិតពីថ្ងៃនេះទៅនៅខ្វះតែ៣ខែទៀតទេ តថាគតនឹងរំលត់ខន្ធចូលកាន់ព្រះនិព្វានហើយ។ លុះព្រះដ៏មានព្រះភាគទ្រង់ដាក់អាយុសង្ខាដូច្នេះ ហើយក៏មានការកក្រើករំពើកញាប់ញ័រផែនដីគួរឱ្យភ្លូកភ្លឹកព្រឺព្រួច ទាំងមានផ្គរលាន់ឮឡើងផ្អើលអស់មនុស្សទេវតា។ ពួកសាវ័កទាំងឡាយមានព្រះអានន្ទជាដើមក៏កើតក្តីសង្វេគសោយទុក្ខក្តុកក្តួលស្តាយស្រណោះគ្រប់ៗអាត្មា។
ក្នុងថ្ងៃនេះដែរ ក៏ពុទ្ធបរិស័ទរំលឹកនឹកដល់កាលដែលព្រះអង្គទ្រង់ធ្វើចតុរង្គសន្និបាត ដែលមានភិក្ខុសង្ឃចំនួន១,២៥០អង្គ សុទ្ធតែជាព្រះអរហន្ត ព្រះខីណាស្រប មកប្រជុំគ្នាក្នុងសំណាក់ព្រះបរមសាស្តាឯវត្តវេឡុវ័ន ដែលការមកប្រជុំរបស់ព្រះអរហន្តទាំងអម្បាលនោះអត់បានកំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំគ្នាក្នុងសំណាក់ព្រះបរមសាស្តាដោយឯងៗ ។ ការប្រជុំបែបនេះ ក្នុងពុទ្ធសម័យមានតែម្តងគត់ដែលហៅថា ចតុរង្គសន្និបាតគឺការប្រជុំប្រកបដោយអង្គបួន ហើយព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងឱវាទបាតិមោក្ខក្នុងទីប្រជុំនៃភិក្ខុសង្ឃនោះ។ ពួកពុទ្ធមាមកជន គ្រប់ប្រទេសកាលរៀងមកបានកំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំជាថ្ងៃសំខាន់មួយក្នុងការប្រារព្ធពិធីនេះ ។
ហេតុដូច្នេះហើយ បានជាពិធីនេះ ជាទីនិយមរាប់អានរបស់អ្នកប្រាជ្ញថាជាមហាមង្គលអស្ចារ្យ និងជាមហាសិរីសួស្តីដ៏ប្រសើរក្រៃលែងកាលបើដល់ថ្ងៃពេញបូណ៌មីខែមាឃដែលជាថ្ងៃប្រកបដោយអភិលក្ខិតកាល សប្បុរសអ្នកកាន់ព្រះពុទ្ធសាសនាក៏មកប្រជុំគ្នាចាត់ចែងគ្រឿងសក្ការៈដ៏ផ្ចិតផ្ចង់មានទៀន ធូប កម្រងផ្កាជាដើមយកទៅបូជាចំពោះព្រះពុទ្ធរូបក្នុងអារាមផ្សេងៗ ព្រមទាំងបូជាចំពោះព្រះធម៌ និងព្រះអរហន្តទាំងឡាយដែលបរិនិព្វានទៅជាយូរអង្វែងហើយ ។ ក្នុងថ្ងៃនោះពុទ្ធបរិស័ទបានប្រជុំគ្នាស្តាប់ព្រះធម៌ទេសនា និងបានស្តាប់ព្រះសង្ឃសូត្រស្វាធ្យាយរៀបរាប់អំពីគុណរបស់ព្រះពុទ្ធជាអនេកសម្រាប់មនុស្សលោកទូទៅ ។ ព្រោះហេតុនោះ ទើបពិធីនេះជាប់ជាបវេណីតមករហូតដល់សព្វថ្ងៃនេះ៕