សម្ដេចក្រឡាហោម ស ខេង ដឹកនាំតំណាងប្រទេសចំនួន៣ ចុះបំពេញទស្សនកិច្ច លើការអនុវត្តការងារគណនេយ្យភាពសង្គមនៅខេត្តបាត់ដំបង


ត្រលប់ក្រោយ

17/02/22 12:25 PM

ចំនួនទស្សនា៖

320

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូអន្តរជាតិ ជាអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ អគ្គរដ្ឋទូតអូស្ត្រាលី និងនាយកការិយាល័យសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស ព្រមទាំងប្រតិភូអមដំណើរ អាជ្ញាធរខេត្តបាត់ដំបង បានចុះបំពេញទស្សនកិច្ចនៅលើទឹកដីនៃខេត្តបាត់ដំបង ដើម្បីពិនិត្យលើការអនុវត្តកម្មវិធីគណនេយ្យភាពសង្គម ក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្ដោតទៅលើសេវាសាលាបឋមសិក្សា មណ្ឌលសុខភាព និងសេវារដ្ឋបាល នៅរដ្ឋបាលឃុំ-សង្កាត់ និងថ្នាក់ក្រុង-ស្រុក បន្ទាប់ពីបានអនុវត្តការងារគណនេយ្យភាពសង្គមលើសេវារដ្ឋបាលនិងនៅការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋផងដែរ ។ 



សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា គោលបំណងសំខាន់របស់ប្រតិភូដែលបានមកបំបេញបេសកកម្ម នៅខេត្តបាត់ដំបង នាពេលនេះ គឺដើម្បីចង់ដឹងអំពីដំណើរការនៃការអនុវត្តគណនេយ្យភាពសង្គមនៅតាមឃុំ សង្កាត់នៃខេត្តបាត់ដំង បានប្រព្រឹត្តទៅយ៉ាងដូចម្តេច ហើយមានជួបនឹងបញ្ហាប្រឈមអ្វីខ្លះ ?


សូមបញ្ជាក់ថា ការងារគណនេយ្យភាពសង្គម គឺពិតជាមានសារៈសំខាន់ និងជាឧបករណ៍សម្រាប់ការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចមូលដ្ឋានដែលផ្តោតទៅលើការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ហើយ វិសាលភាពនៃការគ្របដណ្តប់លើការអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តបាត់ដំបងរហូតដល់ឆ្នាំ២០២១នេះ មាន១០២ឃុំ-សង្កាត់ នៃ១៤ក្រុង ស្រុក និងគោលដៅសាលាបឋមសិក្សាចំនួន ៦៣៤សាលា មណ្ឌលសុខភាពចំនួន៨១ទៀត ។


ពាក់ព័ន្ធនឹងការអនុវត្តនេះ រដ្ឋបាលខេត្តបាត់ដំបងនឹងនៅតែប្តេជ្ញាចិត្ត ធ្វើការវិភាជន៍ថវិកាគាំទ្រដល់ដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ដើម្បីលើកកម្ពស់និងពង្រឹងការផ្តល់សេវាមូលដ្ឋានតាមរយៈការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ក្នុងការឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលផ្តោតទៅលើការអភិវឌ្ឍពង្រឹងសាលារៀន មណ្ឌលសុខភាពនិងសេវានៅរដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាប្រកបដោយតម្លាភាព ភាពជឿទុកចិត្តបាន និងបំពេញតម្រូវការនៅក្នុងសហគមន៍ប្រជាពលរដ្ឋ ក្នុងការគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៕




dd
Bottom Ad