17/02/22 13:25 PM
ប៉ៃលិន៖ នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង)ដែលស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃទាំងពីរគណះ និងព្រះសង្ឃទូទាំងខេត្ត លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាតំណាង លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ចើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ លោកតាលោកយាយ និងពុទ្ធបរិស័ទចូលរួមប្រមាណចំនួន ២០០អង្គ/នាក់ផងដែរ។
លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានឡើងអានសុន្ទរកថាបុណ្យមាឃបូជា ហើយថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្រីសង្ឃដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំពិធីបុណ្យមាឃបូជានេះឡើងសមស្របតាមព្រះពុទ្ធសាសនា និងក្រោមដំបូលសន្តិភាពរបស់សម្តេចតេជោ។
ព្រះគ្រូ ក្តៀត សារ៉ាត់ ព្រះគ្រូចៅអធិការវត្តកោងកាង បានមានសង្ឃដិកាបញ្ជាក់ឲ្យដឹងថា បុណ្យមាឃបូជា មាន២យ៉ាង ប្រភពទី១ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាតព្រះអរហន្ត១,២៥០អង្គ ដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណ៍មីក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឫក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។ ប្រភពទី២ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណិមីខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។
លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិននិងជាតំណាងលោកជំទាវ បានស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថាៈ ពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាពបើគ្មានសុខសន្តិភាពទេ គឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ។
លោកអភិបាលរងខេត្តបានបន្តទៀតថាៈការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទើបមានការអភិវឌ្ឍ ដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនានានា ពិសេសពិធីបុណ្យមាឃបូជាដ៏អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសំងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យលន់ នល់ ជាពិសេសសម័យ ប៉ុល ពត ប្រល័យពូជសាសន៍ឯងនិងបំផ្លាញខ្ទេចខ្ទាំ គ្មានសល់ នាសម័យនោះកុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយង់ឃ្នង នៃស្រមោលខ្មៅនាអតីតកាល ដែលពលរដ្ឋខ្មែរគ្រប់រូប ចង់ចាំ ស្អប់ខ្ពើម ឈឺចាប់គ្មានថ្ងៃភ្លេច និងសូមប្រាថ្នា ទោះបីកើតជាតិណាៗ កុំឡើយជួបសម័យកាលនោះ តែសុំប្រាថ្នារស់ក្រោមសម័យសន្តិភាព និងអភិវឌ្ឍន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ឃ្លោក នួយ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តទៀតផងដែរ។ ហើយចូលរួមនូវវិធានការសុខាភិបាល ៣កុំ ៣ការពារទាំងអស់គ្នា ដើម្បីចៀសផុតពីជំងឺកូវីត១៩ ។
សូមបញ្ជាក់ផងដែរថាក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ បានចូលរួមបច្ច័យក្នុងបុណ្យមាឃបូជាចំនួន ២លានរៀល , លោក ឃ្លោក នួយ អភិបាលរងខេត្ត ២០ម៉ឺនរៀល, លោកឧកញ៉ាជំទាវ ស៊ុំ ហៀង សភាពាណិជ្ជកម្មខេត្ត ៥០ម៉ឺនរៀល។