កម្ពុជា អស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមឆ្នាំ២០២៥


ត្រលប់ក្រោយ

17/02/22 13:41 PM

ចំនួនទស្សនា៖

449

ប្រភព៖

ភ្នំពេញ

(ភ្នំពេញ)៖ អង្គភាពស៊ីម៉ាក់បានសម្រេចភារកិច្ចក្នុងការបញ្ចប់កិច្ចប្រតិបតិ្តការ រំដោះផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្សជាតិ និងដែលបានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិ (landmines known areas with polygon records in national database) ។ 


ការសម្រេចបញ្ចប់ភារកិច្ចនេះ បានធ្វើឡើងនាថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២នេះ ស្ថិតក្នុងខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ បន្តបន្ទាប់ទាំងស្រុងហើយ ដែលក្នុងនោះខេត្តកណ្តាលមានចំនួន៣ ពហុកោណ (ចម្ការមីន) មានផ្ទៃដីចំនួន ៦៤ហិកតា ខេត្តកែប មានចំនួន៨ ពហុកោណ ស្មើនឹង៦៩.៨ ហិកតា និងរាជធានីភ្នំពេញ មានចំនួន៨ ពហុកោណស្មើនឹង ៩៨៣ ហិកតា។


ដូចនេះ ខេត្តទាំង២គឺខេត្តកណ្តាល និងខេត្តកែប ព្រមទាំងរាជធានីភ្នំពេញ អស់ជាតំបន់រងការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សជាតិមុនគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ ទិសដៅបន្តបន្ទាប់គឺអង្គភាពស៊ីម៉ាក់នឹងធ្វើការចល័តកម្លាំងចូលទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តតាកែវ ដែលជាគោលដៅបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្សក្នុងឆ្នាំ២០២២នេះផងដែរ។


សូមបញ្ជាក់ថា ការប្រកាសថាខេត្តគ្មានតំបន់គំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សជាតិនេះឬហៅថា "ខេត្តគ្មានគ្រាប់មីន" វាមានន័យថា "ខេត្តទាំងនោះ អស់បញ្ហាជាមួយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ" ការពិតអាចបន្តមានបញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដទៃទៀត ដូចជាគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងសំណល់គ្រាប់មិនទាន់ផ្ទុះផេ្សងៗ ក្រៅពីគ្រាប់មីនប្រឆាំងមនុស្ស។


ដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស គឺស្ថិតនៅក្រោមអនុសញ្ញាអន្តរជាតិអូតាវ៉ា ដែលមានសមាជិកហត្ថលេខីចំនួន១៦៤ប្រទេស ក្នុងចំនួននេះមានប្រទេសចំនួន១៣៣ជារដ្ឋសមាជិក ដោយបូករួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកមួយសកម្ម បានប្តេជ្ញាអនុវត្តអនុសញ្ញានេះយ៉ាងពេញលេញ ដោយអនុម័នផែនការយុទ្ធសាស្ត្រកម្ពុជាគ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។


ដូចនេះ គោលដៅសំខាន់ គឺតម្រង់ទិសសម្រេចបញ្ហាគ្រាប់មីនប្រឆាំងមនុស្សជាតិមួយនេះឱ្យខានតែបានត្រឹមឆ្នាំ២០២៥។ ដូចដែលបានដឹងមកហើយ ព្រះរាជាណាចក្រកម្ពុជាទទួលរងគ្រោះដោយសារសង្គ្រាមរយ:ពេលយូរ និងទំហំធ្ងន់ធ្ងរបំផុតលើពិភពលោកនេះ ដូចនេះ សំណល់យុទ្ធភណ្ឌសង្គ្រាមក៏មានទំហំធំធេងណាស់ដែរ ហេតុនេះមិនអាចដោះស្រាយទិដ្ឋភាពបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមគ្រប់ប្រភេទបានត្រឹមឆ្នាំ២០២៥នោះទេ។


ផ្អែកតាមផែនការរបស់រាជរដ្ឋាភិបាលនេះ អង្គភាពស៊ីម៉ាក់បានដាក់ចេញផែនការយុទ្ធសាស្ត្រ៤ឆ្នាំ(២០២២-២០២៥) រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹង និងមានកំណត់ត្រាក្នុងទិន្នន័យជាតិចំនួនជាង៧០០គីឡូម៉ែត្រក្រឡា លើចំនួននៅសល់ប្រមាណ៨០០គីឡូម៉ែត្រក្រឡា គឺប្រមាណ៩០% នៃបញ្ហាគ្រាប់មីនដែលសល់។


សូមចៀសវាងមានការយល់ច្រឡំថា "ខេត្តគ្មានគ្រាប់មីន" ជាខេត្តអស់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដទៃទៀតនោះ "ខេត្តគ្មានគ្រាប់មីន" ធាតុពិត ខេត្តនោះមិនទាន់អស់បញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាមរតកពីសង្គ្រាមផ្សេងៗទៀតដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រប់មិនទាន់ផ្ទុះគ្រប់ប្រភេទនៅឡើយទេ។ ដូចនេះសូមបន្តប្រុងប្រយត្ន័ និងរួមគ្នាបន្តចាត់វិធានបោសសម្អាតគ្រាប់មិនផ្ទុះទាំងនោះឱ្យអស់ពីព្រះរាជាណាចក្រនេះ៕




dd
Bottom Ad