17/02/22 13:53 PM
(ខេត្តស្វាយរៀង)៖ បើទោះបីជាព្រឹត្តិការណ៍២០កុម្ភៈ បានបញ្ចប់ហើយក៏ដោយ ក៏រដ្ឋបាលខេត្តស្វាយរៀងនៅតែធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសគឺមេរោគកូវីដ-១៩ បម្លែងថ្មីប្រភេទអូមីក្រុង ដែលវាឆ្លងលឿនជាងមុនទៅទៀតដើម្បីកុំឲ្យចូលក្នុងសហគម។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានមានប្រសាសន៍ឲ្យដឹងថា រហូតមកដល់ពេលនេះនៅខេត្តស្វាយរៀងអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងអត់ទាន់មានទេ ដោយសារអ្នកឆ្លងជំងឺកូវីដ-១៩ នាពេលកន្លងមកគឺគាត់ធ្វើតេស្តរហ័ស ហើយពួកគាត់អត់មានប្រភេទជំងឺធ្ងន់ គឺគាត់អាចព្យាបាលនៅផ្ទះបាន អញ្ចឹងករណីជំងឺស្រាលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះ ដូច្នេះយើងមិនបានបញ្ជូនសំណាកដើម្បីធ្វើតេស្ត (PCR) រកប្រភេទមេរោគអូមីក្រុង នៅខេត្តស្វាយរៀងនោះទេ ហើយអ្នកជំងឺដែលព្យាបាលនៅតាមផ្ទះនោះគឺបានជាបន្តបន្ទាប់។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានបន្តទៀតថាៈ ចំពោះការចាក់វ៉ាក់សាំងវិញនៅខេត្តស្វាយរៀង នាពេលបច្ចុប្បន្នគឺបានចាក់ដល់ដូសទី៤ហើយ ដែលជាដូសជំរុញ ចាក់ជូនតែមន្ត្រីរាជការទេដែលជាមន្ត្រីជួរមុខ ហើយកន្លងមកមន្ទីរសុខាភិបាលបានទទួលវ៉ាក់ដូសទី៤ (ប្រភេទ MODERNA) ចំនួន៦,៦៤០ដូស ប៉ុន្តែមន្ត្រីរាជការជួរមុខមានរហូតដល់ជាង ១៨,០០០នាក់ ដល់អញ្ចឹងយើងបានឲ្យគាត់ចាក់Astrazeneca បន្តទៀត ហើយបន្តិចទៀតក្រសួងនឹងបញ្ជូនថ្នាំប្រភេទPfizer ដើម្បីចាក់ជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋបន្តទៀត។
ពាក់ព័ន្ធនិងដូសទី១ គឺមានទៅតាមអាយុ បើអាយុពី១៨ឆ្នាំឡើង ចាក់បាន២៩៦.៤៦៤នាក់ស្មើនិង៨៨% ចំណែកពីអាយុ១២ឆ្នាំទៅក្រោម១៨ឆ្នាំ ចាក់បាន ៥៥.៣៧៣នាក់ ស្មើនិង៨៨%ដែរ ហើយអាយុពី៦ឆ្នាំទៅក្រោម១២ឆ្នាំ ចាក់បាន ៦៩.២០៦នាក់ ស្មើនិង១០៩% និងអាយុ៥ឆ្នាំទៅក្រោម៦ឆ្នាំ ចាក់បានចំនួន ១១.៤២៩នាក់ ស្មើនិង១០៩%ដែរ។
ចំពោះដូសទី២ អាយុ១៨ឆ្នាំឡើងចាក់បានចំនួន២៧៣.៨៣៥នាក់ ស្មើនិង៨៤% ចំពោះដូសទី៣ ចាក់បានចំនួន១៤៩.២៨៨នាក់ ស្មើនិង៤៥% ដោយឡែកមន្ត្រីរាជការនិងប្រជាពលរដ្ឋដែលមិនទាន់បានចាក់ដូសទី៣ គឺខាងមន្ទីរសុខាភិបាល បានឲ្យភូមិ-ឃុំ ស្រង់ឈ្មោះដើម្បីឲ្យក្រុមគ្រូពេទ្យចុះចាក់ថ្នាំជូនគាត់ដល់ទីកន្លែងតែម្តង។
ពាក់ព័ន្ធក្នុងរឿងនេះដែរ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងផងដែរថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមអាជ្ញាធរខេត្ត គឺមានវិធានការអប់រំផ្សព្វផ្សាយទៅតាមមូលដ្ឋាន និងតាមបណ្តារោងចក្រឲ្យអនុវត្តតាមវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ ស្វែងរកអ្នកចម្លងមេរោគនិងប្រភពនៃការចម្លងឲ្យបានទាន់ពេលវេលា។ ជំរុញផ្សព្វផ្សាយលើកទឹកចិត្តដល់ កម្មករ កម្មការនី ប្រើប្រាស់មធ្យោបាយផ្ទាល់ ខ្លួនជិះទៅបំពេញការងារនៅតាមរោងចក្រសហគ្រាស រៀបចំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគទៅតាមទីតាំងដែលមានកម្រិតហានិភ័យខ្ពស់ រដ្ឋបាលខេត្តដែលមានមន្ទីរសុខាភិបាលនៃរដ្ឋបាល និងអាជ្ញាធរក្រុង-ស្រុក បានសហការខិតខំបំពេញការងារតាមជំនាញរបស់ខ្លួន។ គ្រប់គ្រងប្រជាពលរដ្ឋ និងពលករដែលមកពីក្រៅប្រទេសដោយយកមកធ្វើចត្តឡីស័ក យកសំណាកវត្ថុវិភាគ និងតាមដានសុខភាពជាប្រចាំ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវអនុវត្តឲ្យបានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នូវវិធានការ "៣កុំ ៣ការពារ" ពីព្រោះថាបងប្អូនអាចសប្បាយភ្លេចការពារជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនភ្លេចអ្នកទេ ហើយក៏សូមឲ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជាពិសេសមន្ទីរសុខាភិបាលត្រូវបន្តការអប់រំផ្សព្វផ្សាយទៅដល់មូលដ្ឋាននិងតាមបណ្តារោងចក្រ ឲ្យអនុវត្តតាមវិធានសុខាភិបាលឲ្យបានត្រឹមត្រូវចៀសសឆ្ងាយពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕