មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឲ្យមានការពង្រីកបណ្តាញទឹកស្អាតឱ្យដល់តំបន់ជនបទ ខណៈពលរដ្ឋកំពុងត្រូវការទឹកស្អាតប្រើប្រាស់


ត្រលប់ក្រោយ

18/02/22 08:34 AM

ចំនួនទស្សនា៖

284

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យ និងនវានុវត្តន៍ លោក គឹម ទូច បានថ្លែងទៅកាន់មន្ត្រីក្រោមឱវាទរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យនិងនវានុវត្តន៍ខេត្តបាត់ដំបងឲ្យបន្តពង្រីក បណ្តាញទឹកស្អាតបន្ថែមទៀត ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនៅតំបន់ជនបទ ដែលកំពុងត្រូវការទឹកស្អាតប្រើប្រាស់ប្រចាំ ថ្ងៃផងដែរ ។  


ការថ្លែងលើកទឹកចិត្តបែបនេះ ធ្វើឡើងក្នុងពេល ដែលរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ លោក គឹម ទូច បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលពិធីនេះមានការចូលរួមពីអភិបាលរងខេត្តបាត់ដំបង លោក យឹម សៀប ព្រមទាំងថ្នាក់ដឹកនាំមកពីក្រសួង និងខេត្តបាត់ដំបង ជាច្រើនរូបទៀត។


 លោកគឹម ទូច បានបញ្ជាក់ថា ទន្ទឹមនឹងអគារស្អាតទំនើបបែបនេះ ក៏ត្រូវទាមទារឲ្យមន្ត្រីរាជការក្នុងអង្គភាពមានភាពទំនើបផងដែរលើការងារបម្រើសេវារដ្ឋបាលជូនពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើ និងធនធានមនុស្ស ប្រកបដោយគុណភាព ដើម្បីផ្តល់សេវាកម្មសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័សទាន់ចិត្ត ក៏ដូចជាការលើកស្ទួយដល់កម្រិតជីវភាពរស់នៅឲ្យកាន់តែមានភាពធូរធារឡើង ។


លោក រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ទឹកស្អាតនៅបាត់ដំបង ត្រូវតែមានគុណភាពសម្រាប់ការប្រើប្រាស់ស្របតាមស្តង់ដាជូនប្រជាពលរដ្ឋដែលចង់បាន ហើយ ការធ្វើទឹកស្អាតត្រូវតែមានប្រភពទឹកស្អាតផងដែរ ដើម្បីចម្រោះទឹកបានស្អាតល្អ ។ ការផលិតទឹកស្អាតសម្រាប់ប្រើក្នុងទីប្រជុំជនគឺជាបញ្ហាលំបាកបំផុត ការអត់ភ្លើង អត់ទឹកគឺជាបញ្ហាសំខាន់ តែការអត់ទឹករឹតតែសំខាន់ជាងភ្លើងទៅទៀត ។ ដូច្នេះត្រូវបង្កើនផលិតភាពក្នុងការផលិតទឹកដែលមានគុណភាព សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់ខ្លួនបានប្រើប្រាស់ ក្នុងការលើកកម្ពស់សុខមាលភាព ។


លោក គឹម ទូច បានចាត់ទុកថា អគាររដ្ឋបាលថ្មីនេះ គឺជាចំណងដៃមួយមិនអាចកាត់ថ្លៃបាន និងជាចលករជំរុញឱ្យមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបង ត្រូវតែខិតខំបំពេញតួនាទីជាអ្នកផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរជាងមុន៕




dd
Bottom Ad