18/02/22 09:04 AM
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញជួបសំណេះសំណាល និងចែកវិញ្ញាបនបត្របណ្តោះអាសន្នបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ និងវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ជូនដល់បេក្ខជនប្រឡងជាប់ផ្នែកអប់រំបច្ចេកទេសឆ្នាំទី៣ ជំនាន់ទី២ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ ដែរពិធីនេះមានការអញ្ជើញចូលរួមដោយលោកនាយករដ្ឋបាលក្រុង លោកប្រធានការិយាល័យចំណុះក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី៣ នាយក នាយករង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ក្នុងឱកាសនោះផងដែរ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ក៏បានចែករំលែកបទពិសោធន៍ជូនដល់ប្អូនៗជាសិស្សានុសិស្សបន្ទាប់ពីការសិក្សាត្រូវជ្រើសរើសមុខជំនាញណាដែលខ្លួនចង់រៀន និងដែលយើងចេះពីថ្នាក់មូលដ្ឋានទៅបន្តថ្នាក់បរិញ្ញាបត្រ ហើយសិស្សានុសិស្សត្រូវសូមឲ្យពិគ្រោះយោបល់ជាមួយអាណាព្យាបាលឪពុកម្តាយក្នុងការផ្តល់ការសិក្សាមុខជំនាញនិមួយៗ។
លោកអភិបាលក្រុងបាវិត បានបន្តទៀតថា សូមឲ្យសិស្សានុសិស្សកុំទៅរៀនតាមគ្នាតាមមិត្តភក្ដ័ ដែលធ្វើឲ្យការសិក្សាមិនបានជោគជ័យ គឺត្រូវជើសរើសមុខជំនាញណាដែលយើងចេះ និងចង់រៀនដើម្បីទទួលបានជោគជ័យនាំមកនូវកិត្តិយសដល់គ្រួសារ ក៏ដូចជាសង្គមជាតិ និងក្លាយជាទំពាំងស្នងឬស្សីនិងជាគំរូល្អដល់អ្នកជំនន់ក្រោយផងដែរ។
លោក លឹម សៀងហេង អភិបាលក្រុងបាវិតក៏បានផ្តល់វត្ថុអានុស្សាវរីយ៍ដល់សិស្សសរុប ៨៣នាក់ ស្រី៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន កាបូបស្ពាយ០១ និងថវិកា ២ម៉ឺនរៀល ដែលក្នុងវិធីនេះលោកអភិបាលក្រុងបាវិត បានឧបត្ថមថវិការអស់ ៦,៣១០,០០០ រៀល៕