18/02/22 09:12 AM
បាត់ដំបង៖ អភិបាលស្រុកសំឡូត លោក សើ សាម៉េត បានផ្តល់ព័ត៌មានមកភ្នាក់ងារប្រចាំខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដឹងថា លោកគ្រូ អ្នកគ្រូ នៅតាមសាលាបឋមសិក្សា និងមន្ត្រីបុគ្គលិកការិយាល័យអប់រំយុវជននិងកីឡាស្រុកសំឡូត ខេត្តបាត់ដំបង ចំនួន៤២នាក់ ដែលពួកគាត់មានការសង្ស័យការឆ្លងជំងឺកូវីដ-១៩ ដោយសារតែមានអាការៈមិនស្រួលខ្លួន ដូចជាការចេញផ្តាសាយ ពួកគាត់ក៏ចាប់ផ្តើមធ្វើតេស្តរហ័សដោយខ្លួនឯង ក៏ចេញសញ្ញាវត្តមានវីរូសកូវីដ-១៩ ជាបន្តបន្ទាប់ សរុបទាំងអស់មានចំនួន៤២នាក់ ក្នុងនោះមានស្ត្រីចំនួន២៤នាក់ ដែលបច្ចុប្បន្នពួកគាត់កំពុងស្ថិតនៅក្នុងការព្យាបាលនៅតាមផ្ទះ។
ប្រធានការិយាល័យស្រុកប្រតិបត្តិបាត់ដំបង លោកវេជ្ជបណ្ឌិត យស់ ពៅ បានបញ្ជាក់ថា ចំពោះករណីសាម៉ីខ្លួនដែលមានការសង្ស័យវិជ្ជមានបានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីជួបមន្ត្រីសុខាភិបាលលើការព្យាបាលតាមផ្ទះ និងត្រូវអប់រំណែនាំបន្ថែមឲ្យពួកគាត់បានដឹងអំពីវិធានការព្យាបាល និងការថែទាំខ្លួននៅតាមផ្ទះក្នុងករណីមិនមានរោគសញ្ញានោះទេ តែបើអ្នកជំងឺមានស្ថានភាពប្រែប្រួលសុខភាពឬមានរោគរោគសញ្ញានឹងត្រូវបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងជាបន្ទាន់ មិនអាចទុកឲ្យនៅព្យាបាលនៅតាមផ្ទះនោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង លោក យី សុងគី បានបញ្ជាក់ថា លោក បានសុំយោបល់ទៅក្រសួងអប់រំយុវជននិងកីឡាហើយ បើមានការប្រែប្រួលកើនឡើងអ្នកវិជ្ជមានទៅមុខទៀត នឹងមានវិធានការត្រូវផ្អាកដំណើរការសិក្សានៅសាលាណាខ្លះ ប៉ុន្តែបើមិនទាន់រកឃើញចំនួនកើនឡើងទៀតនោះទេគឺនៅទ្រឹងសិន ចាំមើលសភាពការណ៍ជាក់ស្តែង ។
លោកអភិបាលស្រុកសំឡូត បានបង្ហាញថា ការឆ្លងជំងឺកូវីដ-១៩ ដោយការធ្វើតេស្តរហ័សពីក្រុមគ្រូបង្រៀនដោយខ្លួនឯងនេះ បានកើតឡើងដោយសារមានកម្មវិធីជប់លៀងបង្កក់កូនមួយកន្លែងនៅសំឡូតចាស់ តាំងពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមកម្ល៉េះ ដែលរហូតមកដល់ថ្ងៃនេះគឺមានចំនួន៦ថ្ងៃមកហើយ ហើយនៅរសៀលថ្ងៃនេះដែរ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងលោកវេជ្ជបណ្ឌិត យស់ ពៅ បានចុះទៅយកសំណាកពីអ្នកសង្ស័យទាំង៤២នាក់ ដោយម៉ាស៊ីនធំPCR ដើម្បីធ្វើការវាយតម្លៃថាតើជាការឆ្លងជំងឺកូវីដ១៩ ជាក់ស្តែងចំនួនប៉ុន្មាន នាក់ ហើយប្រភេទបំប្លែងថ្មីអ្វីខ្លះ ដើម្បីឲ្យដឹងចំនួនបានច្បាស់លាស់ ដើម្បីមានវិធានការទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលទៅមុខទៀត៕