គ្រួសារចាស់ជរាមានជីវភាពខ្វះខាត ចំនួន២០គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រាច ខេត្តកំពត


ត្រលប់ក្រោយ

18/02/22 11:55 AM

ចំនួនទស្សនា៖

179

ប្រភព៖

កំពត

សាខាកក្រកខេត្តកំពត ៖ នារសៀលថ្ងៃព្រហស្បតិ៍ ០១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២២ នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រាច ដឹកនាំដោយលោក អូន ខន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត ចំនួន២០គ្រួសារ រស់នៅក្នុងឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។  


នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ។


លោកប្រធាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ (Covid-19) ដូចខាងក្រោម ៖ ៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩ )។


អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម និងមី១កេសផងដែរ៕





dd
Bottom Ad