18/02/22 12:24 PM
ប៉ៃលិន៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ត្រី ក្នុងគោលដៅដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ស្របតាមទីផ្សារការងារក្នុងវិស័យទេសចរណ៍។
លោកជំទាវបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងវិស័យទេសចរណ៍» ដែលបានធ្វើឡើងនៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីជាលក្ខណៈបុគ្គល និងជាលក្ខណៈក្រុមក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ជាយុទ្ធសាស្ត្រអាទិភាពនិងជាអភិក្រមមូលដ្ឋានដ៏សំខាន់។ ជាមួយគ្នានេះដែរ គោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជា ក្នុងគោលដៅទី៣ គឺជាក្របខណ្ឌជាក់លាក់ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានបន្តថាថ្មីៗនេះ ក្រសួងទេសចរណ៍បានដាក់ចេញជានូវផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ ដើម្បីជំរុញការលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍។
ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សំដៅដល់ការកសាងសមត្ថភាពធនធានមនុស្ស ជាពិសេសស្ត្រី ដើម្បីចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍នៅក្នុងទីផ្សារការងារ ក៏ដូចជាបង្កើនសមត្ថភាពរបស់ស្ត្រីឱ្យចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ការបត់បែនប្រកបដោយភាពឆ្លាតវៃ ជាមួយនឹងការឈោងចាប់យកនូវបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយទៅជាសហគ្រិន និងបុគ្គលិកដ៏ជោគជ័យ ជាកត្តាឈានទៅពង្រឹងស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។
លោកជំទាវ ហ៊ុន ដានី ក៏បានបន្ថែមទៀតថា គោលដៅនៃការបង្កើនភាពអង់អាចដល់ស្ត្រី គឺដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ស្ត្រី រក្សាលំនឹងនិងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងពង្រឹងតួនាទីក្នុងភាពជាដៃគូរបស់បុរសនៅក្នុងសង្គមដែលមិនអាចខ្វះបាន។ ជាមួយគ្នានេះក្រសួងទេសចរណ៍ រួមចំណែកជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ត្រី ដើម្បីគោលដៅបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ស្របតាមទីផ្សារការងារក្នុងវិស័យទេសចរណ៍។
ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ បើទោះបីស្ថិតក្នុងបរិការណ៍កូវីដ-១៩ ក៏ក្រសួងនៅតែបន្តខិតខំតាមគ្រប់រូបភាព ដើម្បីជួយពង្រឹងភាពអង់អាចដល់ស្ត្រីតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលរយ:ពេលវែង-ខ្លី ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងស្របទៅតាមទីផ្សារការងារ និងក្លាយទៅជាអ្នកដឹកនាំនៅក្នុងអាជីវកម្ម សេវាកម្ម ព្រមទាំងត្រៀមខ្លួនក្នុងការប្រែក្លាយទៅជាសហគ្រិនស្រ្តីក្នុងវិស័យទេសចរណ៍ថែមទៀតផង។
ជាចុងក្រោយនៃកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី ក៏បានផ្តាំផ្ញើដល់មន្ត្រីមន្ទីរទេសចរណ៍ខេត្តប៉ៃលិន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំអនុវត្តឱ្យបានសកម្មប្រកបដោយប្រសិទ្ធភាពនូវ «វិធានសុវត្ថិភាពទេសចរណ៍» និង «នីតិវិធីប្រតិបត្តិស្តង់ដា SOP ក្នុងវិស័យទេសចរណ៍» សម្រាប់ប្រតិបត្តិលើការបើកដំណើរការអាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី ដើម្បីបុព្វហេតុសុខភាពសាធារណៈ ភ្ញៀវទេសចរ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ សំដៅធ្វើយ៉ាងណារក្សាបាននូវនិរន្តរភាពនៃការបើកសកម្មភាពទេសចរណ៍ឡើងវិញ ព្រមទាំងធានាបាននូវប្រសិទ្ធភាពនៃការចូលរួមអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង៕