18/02/22 17:47 PM
អាជ្ញាធរជាតិអប្សរាកំពុងដំណើរការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ ដើម្បីលើកស្ទួយតម្លៃនៃប្រាសាទ និងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធទស្សនាថ្មីៗប្រកបដោយសុវត្ថិភាព និងផាសុកភាព។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ១៨ កុម្ភៈ ថា៖ «វង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធត្រូវបានគិតគូររៀបចំក្នុងគោលបំណងលើកស្ទួយតម្លៃនៃប្រាសាទជាស្នាដៃក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ ដែលតាំងទីនៅចំកណ្តាលផ្ទៃទឹក បារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ទស្សនាថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុកភាព»។
ហ្វេសប៊ុកដដែលដកស្រង់សំដីលោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ថាខ្សែទស្សនាថ្មីនៅប្រាសាទនាគព័ន្ធនេះគ្រោងរៀបចំជា ៣ ប្រភេទ។
ប្រភេទទី ១ គឺខ្សែទស្សនាក្នុងប្រាសាទ ដែលនឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងទាំង ៤ នៃប្រាសាទរាងកាកបាទនេះ ព្រមទាំងអាចផ្តិតយករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ។
ប្រភេទទី ២ គឺខ្សែទស្សនាក្រៅប្រាសាទដែលជាខ្សែទស្សនាថ្មីដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរាចំណាយពេលសិក្សាស្រាវជ្រាវ និងរៀបចំ។
ខ្សែទស្សនានេះនឹងអនុញ្ញាតឱ្យទេសចរអាចស្វែងយល់ពីរចនាសម្ព័ន្ធនៃកោះដែលមានប្រាសាទនៅកណ្តាល ព្រមទាំងទេសភាព ធម្មជាតិ និងសត្វដែលមានវត្តមាននៅទីនេះបូករួមទាំងការទស្សនាប្រាសាទផងដែរ។
ចំណែកប្រភេទទី ៣ គឺខ្សែទស្សនាសម្រាប់ទេសចរជិះទូកដែលមានបំណងលើកស្ទួយជីវភាព ប្រជាជនក្នុងតំបន់អង្គរ និងការគិតគូរពីបរិស្ថាន ខ្សែទស្សនាពិសេសមួយដែលមិនត្រឹមតែជួយជ្រោមជ្រែងសកម្មភាពសហគមន៍ទេសចរណ៍ទូកនោះទេ គឺថែមទាំងធ្វើឱ្យប្រាសាទមានជីវិតរស់ឡើងវិញផងដែរ។
នៅក្នុងប្រភេទទី ៣ នេះបានន័យថា ផែខាងកើត និងខាងលិចនៃប្រាសាទនាគព័ន្ធនឹងត្រូវមានដំណើរការម្តងទៀត ព្រោះថាភ្ញៀវទេសចរនឹងចាប់ផ្តើមការទស្សនាដោយជិះទូក ចេញពីផែនៅខាងកើតប្រាសាទព្រះខ័ន មកឈប់ចតនៅផែខាងលិចនៃនាគព័ន្ធ ដើម្បីឡើងទៅចាប់ផ្តើមការដើរទស្សនាប្រាសាទ រួចចាកចេញពីប្រាសាទតាមផែខាងកើតវិញ ដើម្បីបន្តដំណើរដោយទូកទៅសួនបណ្តុះកូនរុក្ខជាតិក្រាំងក្រូច និងប្រាសាទតាសោម។
លោក សេង សុធារ៉ា ថ្លែងថា ភ្ញៀវទេសចរដែលជាជនពិការជិះលើរទេះរុញក៏ត្រូវបានគិតគូរ ផ្លូវទស្សនាជូនប្រកបដោយសុវត្ថិភាពអាចគយគន់ និងផ្តិតយករូបភាពប្រាសាទបានផងដែរ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា សំណើខ្សែទស្សនាទាំងនេះនឹងត្រូវដាក់ជូនអ្នកជំនាញការ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាពិនិត្យ និងវាយតម្លៃ អនុម័ត មុននឹងឈានទៅដាក់ដំណើរការ ក្រោយពេលស្ពានប្រាសាទនាគព័ន្ធត្រូវបានស្ថាបនារួច៕