ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមាគមតេក្វាន់ដូនគរបាលជាតិ សាខាខេត្តបាត់ដំបង និង ខេត្តកណ្ដាល


ត្រលប់ក្រោយ

21/02/22 12:09 PM

ចំនួនទស្សនា៖

467

ប្រភព៖

បាត់ដំបង

(បាត់ដំបង)៖ នារសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ពោធសមាគមតេក្វាន់ដូនគរបាលជាតិសាខាខេត្តបាត់ដំបង និង ខេត្តកណ្ដាល ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសមាគមតេក្វាន់ដូនគរបាលជាតិសាខាខេត្តបាត់ដំបង ស្ថិតនៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី លោកគ្រូ អ្នកគ្រូបង្វឹក និងសិស្សតេក្វាន់ដូ ក្នុងសមាគមតេក្វាន់ដូនទាំងពីរខេត្តផងដែរ។ 


លោកវរសេនីយ៍ទោ ត្រិញ ហ៊ុយ ប្រធានសមាគមតេក្វាន់ដូនគរបាលជាតិសាខាខេត្តបាត់ដំបង បានលើកឡើងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកនាពេលនេះ ពិតជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡាតេក្វាន់ដូ WT ដែលជាកីឡាអទិភាពនៃគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដដែលនាំឲ្យថ្នាក់ដឹកនាំនិងសមាជិកប្រតិបត្តិគ្រប់លំដាប់ថ្នាក់របស់សមាគមតេក្វាន់ដូននគរបាលជាតិសាខាខេត្តបាត់ដំបងកាន់តែមានភាពកក់ក្តៅថែមទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូនៅកម្ពុជា។


ពិធីសម្ពោធសមាគមតេក្វាន់ដូនគរបាលជាតិសាខាខេត្តបាត់ដំបងនេះមានលក្ខណៈពិសេសដែលបានរៀបចំឡើងជាការសំដែងក្បាច់គុណ បច្ចេកទេស ការប្រយុទ្ធដើម្បីបូកសរុបវាយតម្លៃការងារហ្វឹកហាត់កន្លងមករបស់សិស្សនិងលើកទិសដៅត្រៀមសម្រាប់ការពិភាក្សាយ៉ាងទូលាយនិងស៊ីជម្រៅដើម្បីប្រមូលបានធាតុចូលថ្មីៗសម្រាប់រៀបចំផែនការយុទ្ធសាស្ត្របន្តក្នុងវិស័យកីឡាតេក្វាន់ដូ WT ឆ្នាំ ២០២២-២០២៣ ដែលជាតម្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍វិស័យកីឡាតេក្វាន់ដូWT។


ការហាត់កីឡាតេក្វាន់ដូគឺជួយបានច្រើនណាស់ទាំងសុខភាព ធ្វើឱ្យយុវជនជៀសផុតពីគ្រឿងញៀន មានវិន័យ ជួយឲ្យចេះមានសាមគ្គីភាព មានភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត ពិសេសសម្រួចទិសដៅស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីការប្រកួតប្រជែងនឹងដណ្តើមមេដាយជូនជាតិអោយបានតាមតែអាចធ្វើបាន។


បន្ថែមពីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការហាត់កីឡាជាទូទៅគឺដើម្បីសុខភាព ទាំងទាត់បាល់ អត្តពលកម្ម វាយសី វាយប៉េងប៉ុង ជាដើម ប៉ុន្តែចំពោះកីឡាប្រយុទ្ធវាចំណេញត្រង់ថាអាចវៃគ្នាបាន តែអ្វីសំខាន់យើងកុំយកមុខរបរវៃគ្នាទៅវៃគ្នា ព្រោះវាអត់ត្រូវទេ គឺយើងចេះដើម្បីសុខភាព ដើម្បីការពារខ្លួន យើងកុំទៅ រំលោភបំពានលើអ្នកដទៃ ព្រោះឯកឧត្តមចង់អោយកីឡាដែលក្មួយៗចេញពីទីនេះយើងមានឱកាសរៀងរាល់មួយឆ្នាំម្ដងយើងអាចធ្វើការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមផងដែរ។


ជាចុងក្រោយឯកឧត្តម ក៏បានឧបត្ថម្ភថវិកាមួយចំនួនហើយក៏បានសន្យាផ្តល់នូវកំរាលចំនួន ១០០ម៉ែត្រការ៉េដល់ក្លឹបសមាគមតេក្វាន់ដូនគរបាលជាតិសាខាខេត្តបាត់ដំបង ព្រមទាំងបានថ្លែងអំណរគុណ ហើយជូនពរក្មួយៗ និងថ្នាក់ដឹកនាំសមាគមកីឡាតេក្វាន់ដូWTសាខាខេត្តបាត់ដំបងសូមឲ្យទទួលបានសុខភាពល្អ អាយុយឺនយូរ និងសូមឱ្យដំណើរការនៃការរៀបចំទាំងអស់ឱ្យមានការរីកចម្រើន។



dd
Bottom Ad