ឯកឧត្តម អ៊ី ឈាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២


ត្រលប់ក្រោយ

21/02/22 12:14 PM

ចំនួនទស្សនា៖

284

ប្រភព៖

ប៉ៃលិន

(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ នៅទីស្នាក់ការគណបក្សប្រជាជនខេត្តប៉ៃលិន ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលរបស់រាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ និងការផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្ដាល។


យោងតាមរបាយការណ៍ សកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ដែលអានដោយ ឯកឧត្តម កើត សុធា ទីប្រឹក្សាគណបក្សខេត្ត បានឲ្យដឹងថា ឆ្នាំ២០២១កន្លងមកនេះ គឺជាឆ្នាំដែលប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូលបានជួបប្រទះវិបត្តិនៃជំងឺកូវីដ-១៩ និង គ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ទាំងលើវិស័យ សេដ្ឋកិច្ចសង្គម។ តែទោះជាយ៉ាងនេះក្តី គណៈកម្មាធិការគណបក្សមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងខេត្តប៉ៃលិន តែងបានរួមសហការជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានជួយខេត្ត និងបណ្តាអង្គការចាត់តាំងបក្សបានខិតខំបំពេញភារកិច្ចចុះជាប់តាមមូលដ្ឋានជាប្រចាំរួមប្រាស្រ័យជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋដោយមិនមានការប្រកាន់និន្នាការនយោបាយ ដើម្បីអប់រំផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពី គ្រោះថ្នាក់នៃជំងឺឆ្លងរាតត្បាតកូវីដ-១៩ ការចុះជួយប្រជាជនពីគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការផ្សព្វផ្សាយអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗដោយសមូហភាព និងឆន្ទះមុះមុត ទំនួលខុសត្រូវខ្ពស់ ។


ឯកឧត្តម អ៊ី ឈាន សមាជិកគណះកម្មាធិកាកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលរបស់រាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិនបានថ្លែងថា គណបក្សប្រជាជនកម្ពុជា ក្រោមកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព កំណើនសេដ្ឋកិច្ចជាតិនៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជំងឺរាតល្បាតសកលកូវីដ១៩ ក៏ដោយ។


ជាមួយគ្នានេះឯកឧត្តម អ៊ី ឈាន បានគូសបញ្ជាក់ថា ដោយឡែកគណបក្សខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធនឹងការរីករាលដាលជំងឺ-១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាមួយនោះ ក្រុមការងារគណបក្សគ្រប់ថ្នាក់ បានប្រមូលផ្តុំកម្លាំងអនុវត្តនូវបណ្តាភារកិច្ចសំខាន់ជាច្រើនតាមសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។


ជាថ្មីម្តងទៀត តាងនាមសម្តេចតេជោប្រធានគណបក្ស ក្នុងនាមថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ ខាងមុខ ឯកឧត្តម អ៊ី ឈាន បានធ្វើការណែនាំអំពីកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ ១.ការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការពង្រឹងពង្រីកសមាជិកបក្ស, ២-ជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ៣- បន្តពង្រឹងអភិបាលកិច្ចល្អនៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ, និង៤. ការពង្រឹងរដ្ឋបាលឃុំ សង្កាត់ ភូមិ ផងដែរ ៕



dd
Bottom Ad