21/02/22 13:54 PM
(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើការណែនាំបន្ថែមដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ ឱ្យបន្តការយកចិត្តទុកដាក់ចំពោះតួអង្គសំខាន់ទាំង៤ នៅមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ និងពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងមានប្រសិទ្ធិភាពបំផុត ទាំងនៅទីប្រជុំជន និងតំបន់ជនបទ ។
សម្តេចក្រឡាហោម ស ខេង បានណែនាំបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលទ្ធផលអនុវត្តន៍ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នៅមជ្ឈមណ្ឌលសុភមង្គលនៃក្រុងបាត់ដំបង នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ ខេត្ត ស្រុក ឃុំនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា តួអង្គទាំង៤ នៅមូលដ្ឋាន គឺមានមេឃុំ ស្មានឃុំ មេប៉ុស្តិ៍ និងមេភូមិ ។ តួរអង្គទាំង៤នោះ គឺជាអ្នកដែលនៅកៀកជិតនឹងប្រជាពលរដ្ឋ ហើយត្រូវបម្រើពួកគាត់ឱ្យអស់លទ្ធភាពនិងសមត្ថភាព ដោយមិនបង្កនូវភាពអសកម្មផ្សេងៗ ដែលនាំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋឡើយ ។
ក្រៅពីនេះ សម្តេចបានជំរុញបន្ថែមលើការថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក៏ដូចជាបន្តការបង្រ្កាបបទល្មើសផ្សេងៗទៀតដូចជាការជួញដូរមនុស្ស ការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រុមក្មេងទំនើង ការដោះស្រាយឆ្លើយតបផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងខិតខំព្យាយាមដោះស្រាយទំនាស់រ៉ាំរ៉ៃជាដើម ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត ។
តាមរយៈនៃអង្គសន្និបាតនេះដែរ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តបាត់ដំបង បានលើកឡើងថា ប្រជាជនទូទៅមានការគោរពស្រឡាញ់ ដឹងគុណសន្តិភាព និងមានសង្ឃឹមជឿជាក់លើគណបក្សប្រជាជនកម្ពុជាយ៉ាងមុតមាំ ប៉ុន្តែគាត់នៅតែភ្ជាប់ជាមួយនឹងអាកប្បកិរិយាបំពេញការងារសាធារណៈរបស់បុគ្គលខិលខូចមួយចំនួនតូចប្រព្រឹត្តខុស ពាក់ព័ន្ធអំពើពុករលួយ មានខ្លះរកហេតុផលបង្កើតឡើងដើម្បីជំរិតទារប្រាក់ក្រៅផ្លូវការ ហើយថែមទាំងប្រើប្រាស់ អាកប្បកិរិយា សំដីសំដៅមិនសមរម្យថែមទៀតផង ។ សេវាខ្លះ ដែលត្រូវផ្តល់ដោយមានគោលការណ៍ណែនាំ កំណត់ពេល វេលាផ្ដល់ជូន ក៏នៅមានបញ្ហាយឺតយ៉ាវ ហើយមន្ត្រីសាធារណៈខ្លះនៅតែលាក់លៀម លួចប្រព្រឹត្តអំពើបំពានច្បាប់ បំពានគោលការណ៍ ដែលត្រូវទាមទារឱ្យធ្វើការកែតម្រូវជាដាច់ខាត ៕