23/02/22 11:37 AM
(ប៉ៃលិន) ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ ដែលមានកម្ពស់ ២១ម៉ែត្រ ស្ថិតក្នុងវត្តរតនៈសោភណ្ឌ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា សម្រាប់ខេត្តប៉ៃលិន ពីអតីតកាល គឺជាទីតាំង និងសមរភូមិក្តៅ ប៉ុន្តែបច្ចុប្បន្ននេះ បានប្រែក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមជាមួយនឹងរោងចក្រសហគ្រាស ក្រុមហ៊ុនតូចធំ និងសេដ្ឋកិច្ចតាមព្រំដែនរីកចម្រើនគួរឲ្យកត់សម្គាល់ដែលបានជំរុញកំណើនសេដ្ឋកិច្ច នៃខេត្តប៉ៃលិនបានមួយកម្រិត និងជួយកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថការធ្វើចំណាកស្រុកជាដើម។
កម្មវិធីនេះផងដែរ ក៏មានវត្តមាន ឯកឧត្តមនាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត ឧបាសិកា ដន ឧត្តម ឧបាសិកា ឆេង ស៉ីម ឯកឧត្តមឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៉ីពោធិ៍ និងក្រុមគ្រួសារព្រមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ពិធីថ្ងៃនេះអាចដំណើរទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវការបង្រួបបង្រួមជាតិទាំងស្រុង ការនាំមកវិញនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានស្ថិរភាពនយោបាយ តាមរយៈការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងនាំមកនូវការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ននេះ ដោយបានប្រែក្លាយតំបន់នេះទៅជាតំបន់ព្រំដែនសន្តិភាព និងជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយទាក់ទាញ ។
លោកជំទាវបានថ្លែងនូវការកោតសសើរដល់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ថ្នាក់ដឹកនាំ ដែលបានកសាងនូវរាល់សមិទ្ធិផលក្នុងខេត្តមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ដោយឡែកសមិទ្ធិផល ដងទង់ថ្មី ១គូរ ថ្ងៃនែះ បានបង្ហាញអំពីការរីកចំរើនផ្នែកពុទ្ធចក្រ ដែលបានកើតចេញពីសុទ្ធាជ្រះថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៉ីពោធិ៍ ព្រមទាំងក្រុមក្រួសារ បានរួមគ្នាកសាងនូវដងទង់ ១គូរ កម្ពស់ ២១ម៉ែត្រ ចំណាយថវិកាអស់ប្រមាណ ២៤,០០០ដុល្លារ សម្រាប់តម្កល់ទុក្ខក្នុងវិស័យព្រះពុទ្ធសាសនា ។
ជាមួយគ្នានេះ លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃ ត្រូវ ៖
១/. បន្តការខិតខំតទៅទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជាពិសេសត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ ។
២/. ត្រូវចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ «អូមីក្រុង» ។
៣/. ថែរក្សាការពារ នូវសមិទ្ធិផលនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស ទុកជាសម្បតិ្តក្នុងព្រះពុទ្ធសាសនា។
៤/. មន្រ្តីរាជការ និងព្រះសង្ឃ ត្រូវតែដើរតួក្នុងការផ្សព្វផ្សាយ និងការជំរុញក្នុងការចាក់វ៉ាក់សាំង និងបំផុសដល់កុមារនៅតាមមូលដ្ឋានទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានកំណត់ សម្រាប់ដូសទី១ កុមារមានអាយុ ៥ឆ្នាំ និងការបន្តចាក់ដូសទី៣ សម្រាប់កុមារដែលមានអាយុចាប់ពី ៦-១២ឆ្នាំ ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងចូលក្នុងសហគមន៍៕