23/02/22 13:18 PM
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២២ កុម្ភ: ២០២២ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅមណ្ឌលសុខភាព មេ.សរ.ថ្ងក ឃុំមេ.សរ.ថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានមានប្រសាសន៍ឲ្យដឹងផងដែរថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមអាជ្ញាធរខេត្ត គឺមានវិធានការអប់រំផ្សព្វផ្សាយទៅតាមមូលដ្ឋាន និងតាមបណ្តារោងចក្រឲ្យអនុវត្តតាមវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ ស្វែងរកអ្នកចម្លងមេរោគ និងប្រភពនៃការចម្លងឲ្យបានទាន់ពេលវេលា។ ជំរុញផ្សព្វផ្សាយលើកទឹកចិត្តដល់កម្មករ កម្មការនី ប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនជិះទៅបំពេញការងារនៅតាមរោងចក្រសហគ្រាស រៀបចំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគទៅតាមទីតាំងដែលមានកម្រិតហានិភ័យខ្ពស់ រដ្ឋបាលខេត្តដែលមានមន្ទីរសុខាភិបាលនៃរដ្ឋបាល និងអាជ្ញាធរ ក្រុង ស្រុក បានសហការខិតខំបំពេញការងារតាមជំនាញរបស់ខ្លួន។ គ្រប់គ្រងប្រជាពលរដ្ឋនិងពលករដែលមកពីក្រៅប្រទេស ដោយយកមកធ្វើចត្តឡីស័កយកសំណាកវត្ថុវិភាគ និងតាមដានសុខភាពជាប្រចាំ។
ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមរដ្ឋបាលខេត្តលោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មកចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដូសទី៣ អោយបានគ្រប់គ្នា និងជាពិសេសត្រូវអនុវត្តឲ្យបានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នូវវិធានការ ៣កុំ ៣ការពារ ពីព្រោះថាបងប្អូនអាចសប្បាយភ្លេចការពារជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩មិនភ្លេចអ្នកទេ៕